ប្រវត្តិនៃ អ.ប.ព.
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អភិបាលកិច្ចល្អគឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុត ដើម្បីសម្រេចបាននូវការអភិវឌ្ឍ សេដ្ឋកិច្ចដ៏មាននិរន្តរភាពប្រកបដោយសមធម៌ និងយុត្តិធម៌ សង្គម ។ អភិបាលកិច្ចល្អតម្រូវឱ្យមានការចូលរួមដ៏សកម្ម និងការតាំងចិត្តពីសំណាក់ផ្នែកផ្សេងៗ នៅក្នុងសង្គមប្រកបដោយការទទួលខុសត្រូវ តម្លាភាព សមភាព ការចូលរួម និងនីតិរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកអំពើពុករលួយ គឺជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចនីតិរដ្ឋ ប្រជាធិបតេយ្យ ស្ថិរភាពសង្គម ហើយក៏ជាមូលហេតុមួយនៃភាពក្រីក្រផងដែរ ។ នៅឆ្នាំ ១៩៩៩ និងឆ្នាំ ២០០៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកអនុវត្តការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយផ្អែកលើ សសរទ្រូងទាំងបីគឺ ការអប់រំ បង្ការ ទប់ស្កាត់ – ការអនុវត្តច្បាប់បង្រ្កាបបទល្មើស – និងការ ចូលរួមគាំទ្រពីមហាជន ដោយប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌអន្តរកាលសម្រាប់អនុវត្តការងាររបស់ ខ្លួន ។ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៤ នៃរដ្ឋសភាបានលើកទ្បើងនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ២ ហើយបានខិតខំបន្តពង្រឹងការថែរក្សាការពារសន្តិភាព សុវត្ថិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់អំពើហិង្សា និទណ្ឌភាព ការរើសអើង តាមគ្រប់រូបភាពដើម្បីស្ថាបនាសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ ប្រាសចាកអំពើពុក រលួយ ព្រមទាំងការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ។
ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការធ្វើឱ្យប្រសើរទ្បើងនូវអភិបាលកិច្ច គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ តាមបទពិសោធន៍ទូទាំងពិភពលោក ការត្រួតពិនិត្យ និងការលុបបំបាត់អំពើពុករលួយ គឺជាកិច្ចការមួយលំបាកស្មុគស្មាញ និងជាដំណើរការមួយដ៏វែងឆ្ងាយផងដែរ ហើយនៅតែជា អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៤ ។ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការតាក់តែង និងអនុម័តច្បាប់ ដែលមានភាពប្រទាក់ក្រឡា ក្នុងនោះមានច្បាប់ ២ ដែលជាបុរេលក្ខខណ្ឌក្នុងការតាក់តែងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ច្បាប់ទាំង ២ នោះ គឺ ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ បន្ទាប់ ពីអនុម័តច្បាប់ ទាំងពីរនេះហើយ សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដែលបានឆ្លងកាត់ការពិភាក្សា ពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ នោះបានទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រីមុនបញ្ជូនទៅស្ថាប័ននីតិ ប្បញ្ញត្តិដើម្បីពិភាក្សានិងអនុម័តហើយ ត្រូវបានឡាយព្រះហស្តលេខា និងប្រកាសឱ្យប្រើប្រាស់ច្បាប់នេះដោយព្រះមហាក្សត្រនៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១០។ យើងបានដឹងថាច្បាប់ប្រឆាំងអំពើពុករលួយផ្តល់នូវយន្តការ ផ្លូវច្បាប់ដ៏សំខាន់សម្រាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ អាស្រ័យ ហេតុនេះរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការបង្កើតនិងអនុម័តច្បាប់នេះ ដោយមានការ ពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធនានាផ្អែកលើមូលដ្ឋានច្បាប់នានាដែលមាន ស្រាប់ ។ ដំណើរការរៀបចំបានល្អតាមលំដាប់លំដោយបែបនេះ នឹងធានានូវសង្គតភាពក្នុង ចំណោមច្បាប់ផ្សេងៗគ្នា និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ។ បន្ទាប់ពីច្បាប់នេះត្រូវបាន ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយថ្មីរបស់កម្ពុជាត្រូវបានបង្កើតឡើង ហើយមានឈ្មោះផ្លូវការថា ស្ថាប័នប្រឆាំងអំពើពុករលួយ ដែលចែកចេញជាក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាអ្នកប្រតិបត្តិការងារផ្ទាល់។ អង្គភាពប្រឆាំងអំពើពុករលួយមានការទទួលខុសត្រូវកាន់តែធំជាងមុន ហើយកំពុងធ្វើការយ៉ាង មម៉ាញឹកស្របតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពប្រឆាំងអំពើពុករលួយរបស់ខ្លួន ។











