ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
ជំពូកទី ១ បទប្បញ្ញាតិ្តទូទៅ
ជំពូកទី ២ ស្ថាប័នប្រឆាំងអំពើពុករលួយ
ជំពូកទី ៣ ថវិការ និងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
ជំពូកទី ៤ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
ជំពូកទី ៥ នីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ច
ជំពូកទី ៦ បទល្មើសពុករលួយ និងទោស
ជំពូកទី ៧ បត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក
ជំពូកទី ៨ អន្តរប្បញ្ញត្តិ
ជំពូកទី ៩ អវសានប្បញ្ញត្តិ
ជំពូកទី ១ បទប្បញ្ញាតិ្តទូទៅ
មាត្រា១ – គោលបំណង
ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹងនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។
មាត្រា ២ – គោលដៅ
ច្បាប់នេះ មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធាន ការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាប់បទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
មាត្រា ៣ – វិសាលភាព
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអានុភាពអនុវត្ត។
មាត្រា ៤ – និយមន័យ
វាក្យសព្ទបច្ចេកទេសក្នុងច្បាប់នេះមានន័យដូចតទៅៈ
១ – បទល្មើសពុករលួយ: មានន័យថា បទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងជំពូកទី ៦ នៃច្បាប់នេះ។
២ – អ្នករាជការសាធារណ: មានន័យថាៈ
ក – បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬ ស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុទ្ត ទោះជាអចិន្តៃ្រយ៍ ឬជាបណ្ដោះអាសន្នក្តី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលឡើយ។
ខ – បុគ្គលឯទៀតដែលធ្វើការក្នុងមុខងារសាធារណៈរួមទាំងទីភ្នាក់ ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀតដែលមានចែងនៅក្នុងច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។
៣ – មន្ត្រីសាធារណៈបរទេស: មានន័យថា មន្ត្រីបរទេសដែលកាន់តំណែងក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការរបស់ប្រទេសក្រៅ ទោះជាបានតែងតាំង ឬបោះឆ្នោតជ្រើសរើសក៏ដោយ និងជនបរទេសដែលអនុវត្តមុខងារសាធារណៈសម្រាប់ប្រទេសក្រៅណាមួយ រួមមានទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ។
៤ – មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ: មានន័យថា មន្ត្រីអន្តរជាតិ ឬជនណាដែលទទួលបានការអនុញ្ញាតពីអង្គការអន្តរជាតិឲ្យបំពេញ ភារកិច្ចក្នុងនាមអង្គការអន្តរជាតិនោះ។
៥ – ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត: មានន័យថា សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។
៦ – ចៅក្រម: មានន័យថាចៅក្រមអាសនៈ និងចៅក្រមអយ្យការ។
៧ – នីតិបុគ្គល: មានន័យថាក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។
៨ – សង្គមស៊ីវិល: មានន័យថា សហគមន៍ ឬក្រុមមនុស្សដែលបង្កើតឡើងដើម្បីធ្វើសកម្មភាពក្នុងការការពារផល ប្រយោជន៍លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ និងសាសនា មានជាអាទិ៍ សមាគម អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ។
៩ – អត្ថប្រយោជន៍: មានន័យថាៈ
ក – អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬកម្រៃជើងសាដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ។
ខ – ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬកិច្ចសន្យាអ្វីមួយ។
គ – ការបង់ប្រាក់ ការលើកលែង ការលុបចោល ការលុបបំបាត់នូវប្រាក់កម្ចី អ្វីមួយ កាតកិច្ច ឬបំណុលដទៃទៀត ទោះជាទាំងមូលក្តី ឬដោយផ្នែកក្តី។
ឃ – សេវាកម្មឯទៀត ឬការផ្តល់ជាគុណប្រយោជន៍ រួមទាំងកិច្ចការពារមិនឲ្យ មានការដាក់ទណ្ឌកម្ម ដែលលេចចេញពីអំពើ ឬដំណើរការនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្ម – ទណ្ឌ ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់ត្រូវបានកំណត់ក៏ដោយ។
ង – ការអនុវត្ត ឬការរារាំងមិនឲ្យអនុវត្តនូវសិទ្ធិ ឬអំណាច ឬភាកិច្ចអ្វីមួយ។
ច – ការស្នើជូន ឬការសន្យាថាជូន ទោះបីមានលក្ខខណ្ឌ ឬគ្មានលក្ខខណ្ឌក្តី នូវអត្ថប្រយោជន៍ ដូចមានចែងក្នុងស្មារតីនៃកថាខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
១០ – អំណោយ: មានន័យថា ទ្រព្យ ឬសេវាដែលត្រូវបានផ្តល់ឲ្យទៅបុគ្គលណាម្នាក់ ឬដើម្បីជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ហើយដែលមិនត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង និងមិនមែនជាជំនូនតាមទំនៀមទម្លាប់ ឬប្រពៃណី។
១១ – ទំនាស់ផលប្រយោជន: មានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមាន ឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតកិច្ចជាផ្លូវការរបស់ខ្លួន។
១២ – ទ្រព្យសម្បតិ្ត: មានន័យថា ទ្រព្យគ្រប់ប្រភេទ ទោះជាចលនវត្ថុ ឬជាអចលនវត្ថុ រូបីយ ឬអរូបីយ និងឯកសារគតិយុត្ត ឬលិខិតូបករណ៍ដែលបញ្ជាក់ពីកម្មសិទ្ធិ ឬផលប្រយោជន៍នៅក្នុងទ្រព្យសម្បត្តិនោះ។
១៣ – ការចាប់យក: មានន័យថា ការហាមប្រាមជាបណ្ដោះអាសន្នមិនឲ្យធ្វើការផ្ទេរផ្លាស់ប្តូរ ប្រែប្រួល ប្រគល់ឲ្យ ឬធ្វើចលនានៃទ្រព្យសម្បត្តិ ឬយកធ្វើជាទ្រព្យសម្បត្តិបណ្ដោះអាសន្ន ឬគ្រប់គ្រងទ្រព្យសម្បត្តិតាមរយៈដីកាតុលាការ។
១៤ – ការរឹបអូស: មានន័យថា ការដកហូតជាអចិន្ត្រៃយ៍នូវទ្រព្យសម្បត្តិណាមួយតាមរយៈសេចក្តីសម្រេចរបស់តុលាការ។
១៥ – ផលនៃអំពើពុករលួយ: មានន័យថា ទ្រព្យណាក៏ដោយដែលមានមកពី ឬទទួលបានដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តអំពើពុករលួយ។
១៦ – កម្រៃ: មានន័យថា ផលជាប្រាក់បានមកអំពីកិច្ចការការិយាល័យ ឋានៈមុខងារឬការងារដែលរួមទាំងប្រាក់បៀវត្ស ប្រាក់ឈ្នូល និងប្រាក់បន្ថែមឯទៀត។
១៧ – ការប៉ុនប៉ង: មានន័យថា ការប្រព្រឹត្តអំពើពុករលួយដែលអាចត្រូវផ្តន្ទាសទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញៈ
ក – ចារីបានចាប់ផ្តើមប្រព្រឹត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស និង
ខ – ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវ បានរាំងស្ទះ ឬអាក់ខានដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមាន គោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្តើមប្រព្រឹត្តទេ។
១៨ – អ្នកផ្តើមគំនិត: មានន័យថា បុគ្គលណាដែលៈ
ក – ជម្រុញឲ្យប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា។
ខ – បង្កឲ្យមានបទល្មើសពុករលួយ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។
១៩ – អ្នកសមគំនិត: មានន័យថា បុគ្គលដែលជួយសម្រួលដោយចេតនាដល់ការ ប៉ុនប៉ង ឬការសម្រេចបទល្មើសពុករលួយដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។
២០ – អង្គភាពដើមប្រឆាំងអំពើពុករលួយ: មានន័យថា អង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ៨៤អនក្រ.បក ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦។
ជំពូកទី ២ ស្ថាប័នប្រឆាំងអំពើពុករលួយ
មាត្រា ៥ – ស្ថាប័នប្រឆាំងអំពើពុករលួយ
ស្ថាប័នប្រឆាំងអំពើពុករលួយរួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាព ប្រឆាំងអំពើពុករលួយ។
ស្ថាប័នប្រឆាំងអំពើពុករលួយមានរូបសញ្ញា និងត្រាសម្រាប់ប្រើប្រាស់ក្នុងដំណើរការការងាររបស់ខ្លួនដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ។
ផ្នែកទី១
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
មាត្រា ៦ – ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ត្រូវបានបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានតួនាទីពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសមាជិក ១១ (ដប់មួយ) រូប ដែលមានសមាសភាពដូចខាងក្រោមៈ
១ – ឥស្សរជន ១ (មួយ) រូប តែងតាំងដោយព្រះមហាក្សត្រ។
២ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយព្រឹទ្ធសភា តាមសំឡេងភាគច្រើនដាច់ ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
៣ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
៤ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងចេញពីរាជរដ្ឋាភិបាល។
៥ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីអាជ្ញាធរសវនកម្មជាតិ។
៦ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬ ចេញពីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។
៧ – ឥស្សរជន (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីក្រុមប្រឹក្សាអ្នកច្បាប់។
៨ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬ ចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
៩ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
១០ – ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
១១ – ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សមាជិកនីមួយៗ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវមានលក្ខណៈសម្បត្តិដូចតទៅៈ
– សញ្ជាតិខ្មែរពីកំណើត
– មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
– មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋ ឬ មិនមានក្ស័យធន
– មានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅ
– មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច ១០ (ដប់) ឆ្នាំ
– មានអាយុយ៉ាងតិច ៤៥ (សែសិបប្រាំ) ឆ្នាំ។
មាត្រា ៧ – អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង
សមាជិកទាំងអស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ។ អាណត្តិនេះអាចត្រូវបន្តជាថ្មី។
ក្នុងករណីសមាជិកណាម្នាក់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទទួលមរណភាព
លាលែងចេញពីតំណែង ឬត្រូវបានបណ្ដេញចេញពីមុខតំណែង ឬមិនអាចបំពេញមុខតំណែង
របស់ខ្លួនបានដោយប្រការណាមួយចាប់ពី ៦ (ប្រាំមួយ) ខែឡើងទៅមុនពេលបញ្ចប់អាណត្តិ សមាជិកថ្មីត្រូវបានតាំងជំនួស។
តំណែង របស់សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយណាក៏ដោយនឹង ត្រូវបពា្ចប់ដោយស្វ័យប្រវត្តនៅពេលដែលតុលាការសម្រេចថា សមាជិកនោះមានទោសពីបទមជ្ឈិម ឬ បទឧក្រិដ្ឋណាមួយ។
ក្នុងករណីទាំងឡាយខាងលើនេះ ប្រធានត្រូវកោះប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីសម្រេច និងចាត់វិធានការសមស្របពាក់ព័ន្ធនឹងការបញ្ចប់តំណែង ការដកហូតតំណែង ព្រមទាំងការជ្រើសតាំងឥស្សរជនជំនួស ស្របតាមមាត្រា ៦ (ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះ។
មាត្រា ៨ – ការជ្រើសតាំងប្រធាន និងអនុប្រធាន
ប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវជ្រើសតាំង ដោយការបោះឆ្នោតពីសមាជិករបស់ខ្លួនតាមសំឡេងភាគច្រើនដាច់ខាត ដែលត្រូវធ្វើឡើងក្នុងសម័យប្រជុំលើកទី ១ តាមការកោះអញ្ជើញរបស់សមាជិក ដែលមានវ័យចាស់ជាងគេ។ ក្នុងករណីបោះឆ្នោតលើលទី ១ ពុំបានសម្រេច ការបោះឆ្នោតលើកទី ២ ត្រូវយកមតិភាគច្រើនដោយប្រៀប។
ក្នុងករណីដែលប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអវត្តមាន ឬមិនអាចបំពេញ ភារកិច្ចបាន អនុប្រធានបំពេញភារកិច្ចជំនួស។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចឈរឈ្មោះជាប្រធាន ឬអនុប្រធានក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឡើយ។
មាត្រា ៩ – ឋានៈរបស់សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈ ដូចខាងក្រោមៈ
– ប្រធាន មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
– អនុប្រធាន មានឋានៈស្មើទេសរដ្ឋមន្ត្រី
– សមាជិក មានឋានៈស្មើរដ្ឋមន្ត្រី។
មាត្រា ១០ – ភាកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានភារកិច្ចដូចតទៅៈ
– កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ
– ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
– ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ
– ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ
– ធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
– ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី
– រៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។
ផ្មែកទី២
អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ
មាត្រា១១ – ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដែលមានឯករាជ្យភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយប្រធាន១ (មួយ) រូបមានឋានៈស្មើរដ្ឋមន្រ្តីជាជំនួយការតាមការចាំបាច់។
ប្រធាននិងអនុប្រធានត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្រ្តី។
ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា១២ – លក្ខណសម្បត្តិនៃប្រធាននិងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធាននិងអនុប្រធានត្រូវមានលក្ខណៈសម្បត្តិដូចទៅៈ
– មានសញ្ជាតិខ្មែរពីកំណើត
– មានសីលធម៌ល្អនិងកេរ្តិ៍ឈ្មោះស្អាតស្អំ
– មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋ ឬមិនមានក្ស័យធន
– មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅ
– មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច៧ (ប្រាំពីរ) ឆ្នាំ
– មានអាយុយ៉ាងតិច ៣៥ (សាមសិបប្រាំ) ឆ្នាំ។
មាត្រា១៣ – ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចខាងក្រោមៈ
– អនុវត្តច្បាប់បទបញ្ជា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមាន
– រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
– ដឹកនាំការងារទប់ស្កាត់ និងបង្រាបអំពើពុករលួយ
– តាមដានស៊ើបអង្កេតត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួងស្ថាប័នអង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
– ទទួល និងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន
– ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
– រក្សាការសម្ងាត់ជាដាច់ខាត់ចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
– ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
– ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានប្បញ្ញត្តក្នុងច្បាប់នេះ
– ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត និងកម្ចាត់អំពើពុករលួយ
– ពិនិត្យ និងលើកគម្រោងថវិការប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
– ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
– បម្រើសេវាការងារជូនក្រុមព្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
– តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រង ឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
– ធ្វើសហប្រតិបត្តិការជាមួយអង្គការជាតិអង្គការតំបន់អង្គការអន្តរជាតិនានាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
– ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
– មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញាតិ្តជាធរមានក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ។
មាត្រា១៤ – មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ
មន្រ្តីបម្រើការងារនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយរួមមានមន្រ្តីរាជការដែលត្រូវបានតែងតាំង ឬផ្ទេរ ឬបញ្ជូនមកបម្រើការងារក្នុងអង្គភាព និងមន្រ្តីដែលត្រូវបានជ្រើសរើសឲ្យបម្រើការងារតាមកិច្ចសន្យា។ មន្រ្តីទាំងអស់ខាងលើនេះត្រូវគោរពតាមបទប្បញ្ញត្តិទាំងឡាយនៃច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដទៃទៀតជាធរមាន។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចជ្រើសរើសអ្នកជំនាញការអ្នកឯកទេស និងអ្នកស្រាវជ្រាវជាតិអន្តរជាតិជាប់កិច្ចសន្យា ឬដោយស្ម័គ្រចិត្តឲ្យមកផ្តល់យោបល់បច្ចេកទេសពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ។
មាត្រា១៥ – បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាព ប្រឆាំងអំពើអាចមានការិយាល័យរបស់ខ្លួននៅគ្រប់រាជធានីខេត្តនៃ ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើជាបណ្តាញការងាររបស់ខ្លួន។
ការិយាល័យប្រឆាំងអំពើពុលរលួយអនុវត្តការងាររបស់ខ្លួនក្រោមការដឹកនាំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តការងាររបស់ខ្លួនក្រោមការដឹកនាំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ការិយាល័យប្រឆាំងអំពើពុករលួយដឹកនាំប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។
ជំពូកទី ៣ ថវិការនិងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
ជំពូកទី ៤ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
មាត្រា១៧ – សមាសភាពបុគ្គលិកដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល
ក្នុងពេលចូលកាន់មុខតំណែង និងក្នុងពេលចេញពីមុខតំណែងបុគ្គលដូចខាងក្រោមនេះត្រូវប្រកាសទ្រសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិចទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តីរួមទាំងបំណុលផងហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់ៈ
១ – សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។
២ – មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង។
៣ – សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធានអនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
៤ – មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
៥ – មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
៦ – ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា។
៧ – ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល
មាត្រា ១៨ – របបប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្រ្តីដូចជាមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) ខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ (ពីរ) ឆ្នាំម្ដង នៅដើមខែមករា ហើយមិនឲ្យហូសពីថ្ងៃទី ៣១ ខែមករាឡើយ។ ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណៃង។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទីពីរ ត្រូវធ្វើនៅខែ មករា ឆ្នាំទី ៣ នៃការកាន់មុខតំណែង ហើយការប្រកាសទ្យព្យសម្បត្តិ និង បំណុលចុងក្រោយត្រូវធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
ចំពោះបុគ្គលដែលមានសមាសភាពដូចមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) ដែលកំពុងបំពេញមុខតំណែងត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលលើកដំបូងក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ បន្ទាប់ពីស្ថាប័នប្រឆាំងអំពើរលួយបានបង្កើតឡើងដូចមានចែងក្នុងមាត្រា៥៤ (ការរៀបចំដំណើរការរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះ។
ទម្រង់បែបបទ និង នីតិវិធីនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រា ១៩ – ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល
ក្រោយពីត្រូវបានស៊ើបអង្កេត និង ទទួលសេចក្ដីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ជនដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយត្រួវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួនជាលាយលក្ខណ៌អក្សរ ឬ ជាទម្រង់អេឡិច ទោះវីជននោះពុំមានឈ្មោះក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) និង មាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និង បំណុល) នៃច្បាប់នេះក៏ដោយ។
ការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ជនដែលជាប់ពាក់ព័ន្ធខាងលើនេះត្រូវអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងមាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និង បំណុល) នៃច្បាប់នេះរហូតពេលដែលអស់មានការចាំបាច់។
មាត្រា ២០ – ការរក្សារទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និង ធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និង ចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬ តំណាងព្រមទាំងមានផ្ដិតម្រាមដៃសាមីខ្លួនផង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬ បើកមើលឯកសារអេឡិចត្រូនិកខាងលើដើម្បីបុព្វហេតុនៃការស៊ើបងង្កេតតាមការចាំបាច់។
អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំ ចាប់ពីពេលទទូលសំណុំឯកសារ។
នីតិវិធីក្នុងការបើកស្រោមសំបុត្រ ឬបើកមើលឯកសារអេឡិចត្រូនិកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ជំពូកទី ៥ នីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ច
មាត្រា ២១ – នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយ
នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និង បទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវអនុវត្តតាមនីតិវីធីដែលមានចែងនៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ កាលណាពុំមានចែងនីតិវិធីដោយឡែកនៅក្នុងច្បាប់នេះទេ។
មាត្រា ២២. មន្រ្តីមានសមត្ថកិច្ចនៅក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ
ប្រធាន អនុប្រធាន និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ មានសមត្ថកិច្ចស៊ើបអង្កេតលើបទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់នេះ និង បទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
អង្គភាពផ្សេងទៀតដែលបានដឹងអំពីបទល្មើសពុករលួយទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ និងបទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រូវប្ដឹងទៅអង្គភាព ឬ ការិយាល័យរាជធានី-ខេត្ត ប្រឆាំងអំពើពុករលួយអំពីរឿងហេតុនៃបទល្មើសទាំងនេះ។
មាត្រា ២៣ – ការផ្តល់នីតិសម្បទាចំពោះមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធាន និង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ដោយពេញច្បាប់ ដើម្បីបំពេញមុខងាររបស់ខ្លួន។
មន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយអាចទទួលបាននីតិសម្បាទាជាមន្រ្តីនគរ បាលយុត្តិធម៌ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចរៀបចំបញ្ជីឈ្មោះ មន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវទទួលបាននីតិសម្បទាជាមន្រ្តី នគរបាលយុត្តិធម៌ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
មាត្រា ២៤ – សម្បថ
ប្រធាន អនុប្រធាន និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវសម្បថថាបំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៦៣ (សម្បថនែមន្រ្តីនគរបាលយុត្តិធម៌) នែក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ២៥ – អំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
មន្រ្តីនៃអង្គភាពប្រឆាំអំពើពុករលួយដែលបានទទួលនីតិសម្បទានគរបាលយុត្តធម៌ ធ្វើការស៊ើបអង្កេតបទល្មើសពុករលួយ ដោយអនុលោមតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និង បទប្បញ្ញត្តិនៅក្នុងច្បាប់នេះ។
មន្ត្រីនៃអង្គភាពប្រឆាំអំពើពុករលួយដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌មានភារកិច្ចស៊ើបអង្កេតបទល្មើសពុករលួយ។ ក្នុងករណីស៊ើបអង្កេតបទល្មើសពុករលួយហើយរកឃើញបទល្មើសផ្សេងទៀតដែលមានអង្គហេតុទាក់ទិននឹងបទល្មើសដែលកំពុងស៊ើបអង្កេត មន្រ្តីនៃអង្គភាពប្រឆាំអំពើពុករលួយ អាចធ្វើការស៊ើបអង្កេតបទល្មើសទាំងនោះរហូតចប់នីតិវិធី។
អង្គភាពប្រឆាំអំពើពុករលួយមិនអាចចាប់ផ្តើមការស៊ើបអង្កេតបទល្មើសអ្វីក្រៅពីបទល្មើសពុករលួយបានទេ លើកលែងតែមានបញ្ជាពីអាជ្ញាធរតុលាការឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបទល្មើសអ្វីក្រៅពីបទល្មើសពុករលួយ។
តុលាការអាចបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើកោសលវិច័យនានាដើម្បីជួយដល់ការវិនិច្ឆ័យរបស់តុលាការ។
នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតទាំងនេះ និង ដោយបដិប្បញ្ញត្តិទៅនឹងមាត្រា ៨៥ (អំណាយរបស់មន្រ្តីនគរបាលយុត្តិធម៌នៅក្នុងករណីស៊ើបអង្កេតបទល្មើសជាក់ស្ដែង) មាត្រា ៩១ (ការឆែកឆេរ) មាត្រា ៩៤ (បទបញ្ជាឲ្យចូលខ្លួនក្នុងករណីការស៊ើបអង្កេតបទល្មើសជាក់ស្ដែង) និង មាត្រា ១១៤ (ការបញ្ជាឲ្យចូលខ្លួន ការស៊ើបអង្កេតបឋម) នែក្រមនីតិវិធីព្រហ្មទណ្ឌ ប្រធានអង្គភាពប្រឆាំអំពើពុករលួយ ឬ តំណាងដែលខ្លួនបានចាត់តាំងយ៉ាងត្រឹមត្រូវ មានតួនាទីដឹកនាំ សម្របសម្រួល និង ត្រួតពិនិត្យបេសកម្មរបស់មន្រ្តីទាំងនេះជំនូសតួនាទីរបស់ព្រះរាអាជ្ញារហូតដល់មានការឃាត់ខ្លួនជនសង្ស័យ។
បន្ទាប់ពីមានការឃាត់ខ្លួន ព្រះរាអាជ្ញាអនុវត្តអំណាចរបស់ខ្លួនដូចបានកំណត់នៅក្នុងបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
នៅចុងបញ្ចប់នៃការស៊ើបអង្កេតនីមួយៗ អង្គភាពប្រឆាំអំពើពុករលួយត្រូវបញ្ជូនរាល់កិច្ចនីតិវិធីទាំងអស់ទៅព្រះរាជអាជ្ញា ដើម្បីចាត់ការបន្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ២៦ – បុព្វពិសេសរបស់អង្គភាពប្រឆាំអំពើពុករលួយ
ប្រធាន អង្គភាពប្រឆាំអំពើពុករលួយអាចស្នើសុំពីអាជ្ញាធរឋានានុក្រមពាក់ ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងារនៃបុគ្គលទាំងឡាយណាដែលមាន ភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថាជាប់ទាក់ទិននឹងរឿងហេតុនៃបទល្មើស ពុករលួយ។
ប្រសិនបើជនជាប់សង្ស័យរត់គេចខ្លួនទៅបរទេស ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចស្មើសុំទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើបត្យាប័នតាមបទប្បញ្ញត្តិជាធរមាន។
អង្គភាព ប្រឆាំងអំពើពុករលួយអាចរៀបចំឲ្យ មានទីកន្លែងមួយចំនួនជាអចិន្រ្តៃយ៍ ឬ បណ្ដោះអាសន្នសមស្រប សម្រាប់ការឃាត់ខ្លួននានាដែលធ្វើឡើងស្របទៅតាមក្រមនីតិវិធីព្រហ្ម ទណ្ឌ។ នៅកន្លែងណាដែលអង្គភាពប្រឆាំងអំពើពុករលួយមិនអាចរៀបចំឲ្យ មានទីកន្លែងជាអចិន្ត្រែយ៍ ឬ ជាបណ្ដោះអាសន្នសមស្របសម្រាប់ការឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយអាចសុំឲ្យស្ថាប័នមានសមត្ថកិច្ចរក្សា ទុកជនដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន។
មាត្រា ២៧ – បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការតាមដាន
ដោយបដិប្បញ្ញត្តិទៅនឹងមាត្រា ១០៥ (ការហាមឃាត់មិឲ្យ ស្ដាប់ដោយឯកឯងជាអាតទិ៍) និង មាត្រា ១៧២ (ការស្ដាប់ទូរស័ព្ទជាអាទិ៍ដែលបង្គាប់ដោយចៅក្រមស៊ើបសូរ) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីដែលមានតម្រុយជាក់លាក់ថាមានបទល្មើសពុករលួយអង្គភាពប្រឆាំងអំពើពុករលួយអាច៖
ក- ពិនិត្យ និង ដាក់ឲ្យ ស្ថិតក្រោមការឃ្លាំមើលនូវគណនីធនាគារ ឬ គណនីឯទៀតដែលចាត់ទុកដូចជាគណនីធនាគារ។
ខ- ធ្វើការត្រួតពិនិត្យ និងបង្គាប់ឲ្យផ្ដល់ ឬ ថតចម្លងលិខិតយថាភូត ឬ លិខិតឯកជន ឬ ឯកសារធនាគារ ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មទាំងអស់។
គ- តាមដាន ឃ្លាំមើល លបស្ដាប់ លបថតសំឡេងនិងរូបភាព និងដាក់ខ្សែទូរស័ព្ទក្រោមការលបស្ដាប់ និង ថត ។
ឃ- ចូលទៅពិនិត្យឯកសារនានា ព្រមទាំងឯកសាររក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក។
ង- រៀបចំប្រតិបត្តិការដែលមានគោលដៅប្រមូលភស្ដុតាងជាក់ស្ដែង។
វិធានការខាងលើនេះ មិនត្រូវចាត់ទុកថាជាការរំលោភលើការសម្ងាត់វិជ្ជាជីវៈឡើយ។ ការសម្ងាត់របស់ធនាគារក៏មិនមែនជាយុត្តិកម្មសម្រាប់បដិសេធមិនផ្តល់ភស្ដុតាងពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដែលមានបញ្ញត្តនៅក្នុងច្បាប់នេះឡើយ។
មាត្រា ២៨. បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល
តាមការស្នើសុំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាលអាចធ្វើអធិបញ្ញាឪ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬ ព្រះរាជអាជ្ញាអមសាលាដំបូង បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលបានប្រព្រឹត្តបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ និង បទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
ទ្រព្យសម្បត្តិរបស់បុគ្គលដែលបានចែងនៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ រាប់បញ្ចូលទាំងមូលនិធីដែលបានមក ឬ បង្កើតបានជាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់បុគ្គលនោះ។
មាត្រា ២៩ – បុព្វសិទ្ធិរបស់អង្គភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធារណៈ
ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អាចធ្វើអធិបញ្ជាដល់អាជ្ញាធរសាធារណៈមន្រ្តីរាជការ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត ព្រមទាំងបណ្ដាអង្គភាពនៃវិស័យឯកជនពាក់ព័ន្ធមានជាអាទិ៍ ស្ថាប័នហិរញ្ញវត្ថុធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនៃ អង្គភាពក្នុងការងារស៊ើបអង្កេត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏អាចស្មើសុំការសហការពីស្ថាប័នជាតិ និង អន្តរជាតិក្នុងការធ្វើកោសលវិច័យនានាទាក់ទងទៅនឹងការស៊ើបអង្កេតរបស់ខ្លួនផងដែរ។
មាត្រា ៣០ – ការចាប់យក
ការចាប់យកត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ៣១ – នីតិវិធីនៅចំពោះមុខតុលាការព្រហ្មទណ្ឌ
នៅក្នុងរឿងក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសពុករលួយ តុលាការដែលបានទទួលបណ្ដឹង ត្រូវធ្វើការបើកសវនាការជំនុំជម្រះយ៉ាងឆាប់បំផុត។
ជំពូកទី ៦ បទល្មើសពុករលួយ និងទោស
មាត្រា ៣២ – បទល្មើសពុករលួយដែលមានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌ
ក្រៅពីបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ បទល្មើសដែលមានចែងនៅក្នុងមាត្រា ២៧៨ (បទស៊ីសំណូកនៃនិយោជិត) មាត្រា២៧៩ (បទសូកប៉ាន់ដល់នៃនិយោជិត) មាត្រា ២៨០ (បទស៊ីសំណូករបស់អភិបាលជាអាទិ៍) មាត្រា ៣៨៧ (បទដេញថ្លៃមិនត្រឹមត្រូវ) មាត្រា ៤០៤ (និយមន័យនៃការសម្អាតប្រាក់) មាត្រា ៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា ៤០៦ (ស្ថានទម្ងន់ទោស) មាត្រា ៤០៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥១៧ (បទស៊ីសំណូកប្រព្រឹត្តដោយចៅក្រម) មាត្រា ៥១៧ (បទសូក ប៉ាន់ចំពោះចៅក្រម ) មាត្រា ៥១៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៤៧ (បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្មែងក្លាយ) មាត្រា ៥៤៨ (បទសូកប៉ាន់សាក្សី) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកបកប្រែ) មាត្រា ៥៥៤ (បទសូកប៉ាន់អ្នកបកប្រែ) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកជំនាញ) មាត្រា ៥៥៦ (បទសូកប៉ាន់អ្នកជំនាញ) មាត្រា ៥៥៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៩២ (និយមន័យនៃវីតិក្រម) មាត្រា ៥៩៣ (ទោស ដែលត្រូវអនុវត្ត) មាត្រា ៥៩៤ (បទស៊ីសំណូក) មាត្រា ៥៩៥ (និយមន័យនៃជំនួញឥទ្ឋិពលអកម្ម) មាត្រា ៥៩៦ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់) មាត្រា ៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា ៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា ៦០១ (បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) មាត្រា ៦០៥ (បទសូកប៉ាន់) មាត្រា ៦០៦ (បទឥទ្ឋិពលសកម្ម) មាត្រា ៦០៧ (បទសម្លុតគំរាម) មាត្រា ៦០៨ (បទបំផ្លាញ និងគៃបំបាត់) មាត្រា ៦២៥ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៦៣៧ (បទស៊ីសំណូកដោយអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទារដើម្បីលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៩ (បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤១ (ការអនុវត្តបទមជ្ឈិមនៃមាត្រា ៦៣៦ និង ៦៤០ចំពោះគ្រប់វិជ្ជាជីវៈខាងវេជ្ជសាស្រ្ត) និងមាត្រា ៦២២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌជាបទល្មើសពុករលួយដែលត្រូវអនុវត្តតាមច្បាប់នេះ។
មាត្រា ៣៣ – បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ អំពើប្រព្រឹត្តដោយមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដែលសុំទាមទារ ឬយល់ព្រមទទួលដោយគ្មានសិទ្ឋិដោយផ្ទាល់ ឬដោយប្រយោនូវអំណោយជំនូនការសន្យា ឬអត្ថប្រយោជន៍ណាមួយដើម្បីៈ
១ – បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ – មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៤ – បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ បុគ្គលណាដែលគ្មានសិទ្ឋិដោយផ្ទាល់ ឬដោយប្រយោលប្រគល់អំណោយ ឬជំនូន ឬធ្វើការសន្យាជាមួយ ឬផ្តល់ប្រយោជន៍អ្វីមួយដល់មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដើម្បីឲមន្រ្តីនោះ
១ – បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ – មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៥ – បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
អំពើប្រព្រឹត្តដោយរាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លួនចាត់វិធានការរារំាងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវប្រយោជន៍ណាមួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000 000 (បួនលានរៀល) ទៅ ១0 000 000(ដប់លាន)រៀល។
បទល្មើសនេះ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ ប្រសិនបើល្មើសនេះមានប្រសិទ្ឋភាព។
មាត្រា ៣៦ – បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលបុគ្គលនេះមិនអាចផ្តល់ការពន្យល់សមហេតុសមផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណួលស្របច្បាប់របស់ខ្លួន។
បន្ទាប់ពីបានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើមុនគ្រប់បុគ្គលដូចមានចែងនៅក្នុង
មាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រ ១៩ (ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះដែលមិនអាចផ្តល់ការពន្យល់សមហេតុសម ផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន ត្រូវទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិដែលពុំអាចពន្យល់បានទាំងអស់ទុកជាសម្បត្តិរដ្ឋ។
ប្រសិនបើទ្រព្យសម្បត្តិដែលកើនដោយពុំអាចពន្យល់បាននេះមានការពាក់ព័ន្ឋនឹងបទល្មើសពុករលួយណាមួយដូចមានចែងក្នុងច្បាប់នេះម្ចាស់ទ្រព្យសម្បតិ្តត្រូវទទួលទោសដែលមានចែងនៅក្នុងច្បាប់នេះ។
មាត្រា៣៧ – បទទទួលផលបន្តពីបទល្មើសពុករលួយ
អំពើទទួលផលបន្តពីបទល្មើសគឺជាអំពើលាក់បំបាំងរក្សាទុកឬជញ្ជូនរបស់អ្វីមួយដោយមិនដឹងថា របស់នោះបានមកពីបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះ។ ត្រូវចាត់ទុកជាអំពើទទួលផលបន្តពីបទល្មើសពុករលួយផងដែរចំពោះ។
១ – អំពើធ្វើអន្តរការី ដើម្បីបញ្ជូនរបស់អ្វីមួយដោយដឹងថា របស់នោះបានមកពីបទល្មើសពុករលួយ។
២ – អំពើដែលបានទទួលប្រយោជន៍ពីផលបន្តបទល្មើសពុករលួយដោយបានដឹងហេតុផលការណ៍ច្បាស់។
អំពើទទួលផលបន្តបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
អំពើទទួលផលបន្តពីបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើបទល្មើសនេះស្រួលត្រូវបានប្រព្រឹត្តឡើងៈ
១ – ជាទម្លាប់ ។
២ – ដោយប្រើប្រាស់ភាពងាយស្រួលដែលទទួលបានពីសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។
៣ – ជាក្រុមមានការចាត់តាំង។
មាត្រា ៣៨ – បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល
ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) មាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រ ១៩ (ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ២ 000 000 (ពីរលាន) រៀល ហើយត្រូវបានបង្ខំឲ្យធ្វើការប្រកាសទ្រព្យសសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតត្រូវផ្តន្តាសទោសទ្វេដង។
ដោយឡែកចំពោះថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចរំលឹកជាលាយលក្ខណ៍អក្សរដល់ថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលមុននឹងអនុវត្តមាត្រនេះ។
មាត្រា ៣៩ – បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
ជនណាដែលធ្វើឲ្យធ្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។
ការរក្សាការសម្ងាត់ដាច់ខាត មិនអាចជាឧបសគ្គដល់ការប្រើសិទ្ឋិនៃការការពារខ្លួនឡើយ។
មាត្រា ៤០ – បទរារាំង និងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុលរលួយ
អ្នករាជការសាធារណៈ យោជិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត មន្រ្តីស៊ីវិល មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥ 000 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤១ – បទប្តឹងបរិហាដោយភូតកុហក
អំពើប្តឹងបរិហាដោយភូតកុហកដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការនូវអង្គហេតុបទល្មើសពុករលួយ កាលបើអំពើនេះនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ១ 000 000 (មួយលាន) រៀល។
មាត្រា ៤២ – បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
បុគ្គលណាដែលគ្មានសិទ្ឋិធ្វើការផេ្ទរអនុប្បទាន ឬធ្វើការដោះដូរនូវទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យកដោយរំលោភលើបទប្បញ្ញត្តិនៃមាត្រា ៣០ (ការចាប់យក)នៃច្បាប់នេះត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ 000 000 (ពីរ) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤៣ – បទល្មើសពុករលួយតូចតាន និងទោស
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៧ (ប្រាំពីរថៃ្ង) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ជនណាដែលប្រព្រឹត្តបទល្មើសដែលបញ្ញត្តិនៅក្នុងច្បាប់នេះ ហើយបានបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោមៈ
– បទល្មើសប្រព្រឹត្តឡើងសម្រាប់ជីវភាពប្រចាំថ្ឡៃ
– បទល្មើសប្រព្រឹត្តឡើងមានលក្ខណៈតូចតាច
– បទល្មើសដែលមិនបង្កព្យសនកម្មធ្ឡន់ធ្ឡរដល់សង្គមជាតិ
– មានការវាយតម្លៃទទួលស្គាល់ពីអង្គភាពប្រឆាំងអំពើពុករលួយថាជាបទល្មើសពុករលួយតូចតាច។
មាត្រា៤៤ – ការប៉ុនប៉ង
ការប៉ុនប៉ប្រព្រឹត្តបទបជ្ឈឹមដូចមានចែងនៅក្នុងមាត្រា២៧៨ (បទល្មើសសំណូកនៃនិយោជិក) មាត្រា២៧៩ (បទសូកបាន់ដល់នៃនិយោកជិក) មាត្រា៣៨៧ (បទដេញថ្លៃមិនត្រឹមត្រូវ) មាត្រា៤០៤ (និយមន័យនៃការសម្អាត់ប្រាក់) មាត្រា៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា៤០៦ (ស្ថានទម្ឡន់ទោស) មាត្រា៥៩២ (និយាយន័យនៃវីតិក្រម) មាត្រា៥៩៣ (ទោសដែលត្រូវអនុវន្ត) មាត្រា៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់) មាត្រា៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈរំលោភអំណាច) និងមាត្រា៤០ (បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទបជ្ឈឹមបានសម្រេចដែរ។
មាត្រា៤៥ – ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
ចំពោះបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះទោសបន្ថែមមួយឬច្រើនចដូចខាងក្រោមអាចត្រូវបានប្រកាសពីៈ
១ – ការដកសិទ្ធិពលរដ្ឋខ្លះជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ
២ – ការហាមឃាត់ចំពោះការប្រកបមុខរបរជាស្ថាពរឬសម្រាប់រៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំការបើបទល្មើសនេះបានប្រព្រឹត្តក្នុងការប្រកបមុខរបរឬក្នុងឱកាសនៃការប្រកបមុខរបរនេះ។
៣ – ការហាមឃាត់នូវការស្នាក់អាស្រ័យនៅសម្រាប់រយៈពេលមិនលើសពី១០ (ដប់) ឆ្នាំចំពោះបទល្មើសឧក្រិដ្ឋនិងសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំចំពោះបទល្មើសមជ្ឈឹម។
៤ – ការហាមឃាតទណ្ឌិតបរទេសនូវការចូលមកនិងស្នាក់អាស្រ័យនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរសម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។
៥ – ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។
៦ – ការរឹបអូសវត្ថុឬមូលនិធិដែលជាទីដៅនៃបទល្មើស។
៧ – ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតជាពីបទល្មើស។
៨ – ការរឹបអូសនូវឧបភោគភណ្ឌសម្ភារៈនិងគ្រឿងសង្ហារិមតែងលំអទីតាំងដែលក្នុងទីតាំងនោះបទល្មើសត្រូវបានប្រព្រឹត្ត។
៩ – ការរឹបអូសនូវយានយន្តរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង។
១០ – ការហាមឃាត់ចំពោះការកាន់កាប់ឬយកតាមខ្លួននូវអាវុធជាតិផ្ទុះជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១១ – ការបិទគ្រឹះស្ថានដែលត្រូវបានប្រើប្រាស់សម្រាប់ត្រៀមរៀបចំបទល្មើសឬប្រព្រឹត្តបទល្មើសជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១២ – ការហាមឃាតការធ្វើអជីវកម្មលើគ្រឹះស្ថានដែលបើកជាសាធារណៈឬដែលប្រើប្រាស់ដោយសាធារណជនជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១៣ – ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ។
១៤ – ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេលមិនលើសពី២ (ពីរ) ឆ្នាំ។
១៥ – ការចេញផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ។
១៦ – ការចាក់ផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេលមិនលើសពី៨ (ប្រាំបី) ថ្ឡៃ។
មាត្រា ៤៦ – ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
នីតិបុគ្គលដែលបានប្រព្រឹត្តបទល្មើសពុករលួយដែលមានចែងក្នុងមាត្រា ៣៧ (បទទទួលផលបន្តពីបទល្មើសពុករលួយ) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ១០០.០០០.០០០ (មួយរយលាន) រៀល និងត្រូវទទួលទោសបន្ថែមមួយ ឬច្រើនដូចខាង ក្រោមនេះ៖
១ – ការរំលាយចោល។
២ – ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ។
៣ – ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬច្រើន។
៤ – ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ។
៥ – ការហាមឃាត់ចំពោះការអំពាវនាវសាធារណៈដល់ការសន្សំសំចៃ។
៦ – ការហាមឃាត់ចំពោះការចេញមូលប្បទានបត្រក្រៅពីមូលប្បទានបត្រដែលបញ្ជាក់ដោយធនាគារណាមួយ។
៧ – ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់។
៨ – ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស។
៩ – ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជន ឬដែលបានប្រើប្រាស់ដោយសាធារណជន។
១០ – ការរឹបអូសឧបករណ៍សម្ភារៈ ឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។
១១ – ការរឹបអូសនូវវត្ថុ ឬមូលនិធិដែលជាទីនៃបទល្មើស។
១២ – ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
១៣ – ការរឹបអូសនូវឧបភោគភណ្ឌ សម្ភារៈ និងចលនាវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្ត។
១៤ – ការបិទផ្សាយនៃសេចក្តីសម្រេចផ្តន្ទាទោស។
១៥ – ការចេញផ្សាយនូវសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ឬផ្សាយតាមមធ្យោបាយគមនាគមន៍សោតទស្សន៍។
មាត្រា ៤៧ – ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
គ្រឹះស្ថានឥណទាន ឬស្ថាប័នហរិញ្ញវត្ថុរួចផុតពីការទទួលខុសត្រូវទាំងអស់ ហើយគ្មានបណ្តឹងព្រហ្មទណ្ឌណាមួយត្រូវបានធ្វើប្រឆាំងនឹងអ្នកដឹកនាំ ឬអាណត្តិនៃគ្រឹះស្ថាន ឬស្ថាប័ននោះឡើយ ប្រសិនបើប្រតិបត្តិការនោះត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់លើកលែងតែក្នុងករណី ដែលរកឃើញថាមានការព្រមព្រៀងគ្នាជាមុន ដើម្បីរៀបចំបន្លំជាមួយម្ចាស់ប្រាក់ ឬអ្នកធ្វើប្រតិបត្តិការ។
មាត្រា ៤៨ – សេចក្តីសម្រេចរឹបអូស
នៅពេលដែលបុគ្គលណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើសពុករលួយ តុលាការត្រូវសម្រេចរឹបអូសផលនៃអំពើពុករលួយទាំងអស់ដែលរួមមាន ទ្រព្យសម្បត្តិ សម្ភារៈ និងឧបករណ៍ទាំងអស់ដែល ជាកម្មវត្ថុនៃអំពើពុករលួយជាសម្បត្តិរដ្ឋ។
ប្រសិនបើផលនៃអំពើពុករលួយខាងលើត្រូវបានបំប្លែងទៅជាទ្រព្យសម្បត្តិផ្សេងពីសភាព ដើម ទ្រព្យសម្បត្តិដែលត្រូវបានបំប្លែងនេះក៏ត្រូវក្លាយជាកម្មវត្ថុនៃការរឹប អូសដល់ទីកន្លែងដែលទ្រព្យសម្បត្តិនេះក៏ត្រូវរឹបអូសផងដែរ។
ប្រសិនបើផលនៃអំពើពុករលួយនេះបង្កើតឲ្យមានជាចំណូល ឬផលដទៃផ្សេងទៀតចំណូល និងផលទាំងនេះក៏ត្រូវរឹបអូសផងដែរ។
ប្រសិនបើផលទាំងនោះរលាយបាត់ ឬបាត់តម្លៃតុលាការអាចបញ្ជាឲ្យទូទាត់តម្លៃដើមផងទាំងនោះ។
មាត្រា ៤៩ – ការទាមទារឲ្យបញ្ជូននូវផលនៃបទល្មើសពុកលួយ
នៅក្នុង ករណីដែលរកឃើញថាទ្រព្យសម្បត្តិ និងផលនៃអំពើពុករលួយត្រូវបានរក្សាទុកនៅក្នុងរដ្ឋបរទេស អាជ្ញធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវចាត់វិធានការ ដើម្បីទាមទារយកទ្រព្យសម្បត្តិ និងផលទាំងនោះមកកម្ពុជាក៏ត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេស ដទៃដែលលើកសំណើសុំបញ្ជូនទៅវិញនូវផលនៃបទល្មើសពុករលួយ ដែលត្រូវបានរក្សាទុកក្នុងប្រទេសកម្ពុជា។
ជំពូកទី ៧ បត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក
មាត្រា ៥០ – បទប្បញ្ញត្តិដែលត្រូវអនុវត្តក្នុងរឿងបត្យាប័ន
បទប្បញ្ញត្តិនៃជំពូកទី២ មាតិកាទី១ គន្ថីទី៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្តក្នុងរឿងបត្យាប័នពាក់ព័ន្ធនឹងបទល្មើសពុករលួយ។
មាត្រា ៥១ – ជំនួយផ្នែកច្បាប់ទៅវិញទៅមក
ក្នុងករណីបទល្មើសពុករលួយ អាជ្ញាធរតុលាការនៃព្រះរាជណាចក្រកម្ពុជាអាចប្រគល់អំណាចឲ្យទៅអាជ្ញាធរតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេសណាមួយ និងអាចទទួលអំណាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណាមួយដែរដើម្បីៈ
១ - ប្រមូលយកសក្ខីភាព ឬយកចម្លើយដែលឆ្លើយតាមផ្លូវតុលាការ។
២ – ឲ្យដំណឹងពីលិខិតផ្សេងៗរបស់តុលាការ។
៣ – ធ្វើការឆែកឆេរ ឃាត់ទុក និងដកហូត។
៤ - ធ្វើការពិនិត្យវត្ថុ និងទីកន្លែង។
៥ – ផ្តល់ព័ត៌មាន និងវត្ថុតាង។
៦ – ផ្តល់ឯកសារកំណត់ហេតុជាច្បាប់ដើម ឬសេចក្តីចម្លងដោយមានបញ្ជាក់ថាត្រឹមត្រូវតាម ច្បាប់ដើមនៃឯកសារ និងសំណុំរឿង រាប់ទាំងសេចក្តីស្រង់បញ្ជីប្រាក់ពីធនាគារ ឯកសារគណនេយ្យ សំណុំរឿងរបស់ក្រុមហ៊ុន និងឯកសារពាណិជ្ជកម្មព្រមទាំងលិខិតយថាភូត ឬលិខិតឯកជន។
៧ – បង្ហាញ ឬផ្តល់សាក្សីអ្នកជំនាញ ឬជនដទៃទៀតរាប់ទាំងជនជាប់ឃុំខ្លួនផងដែលយល់ព្រមជួយក្នុងការស៊ើបអង្កេត ឬយល់ព្រមចូលរួមក្នុងនីតិវិធី។
៨ – កំណត់អត្តសញ្ញាណ ឬស្រាវជ្រាវរកធនធានទ្រព្យសម្បត្តិ បរិក្ខារ និងសម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តបទល្មើស និងមធ្យោបាយបទល្មើស។
៩ – ដាក់ក្រោមវិធានការរក្សាទុកជាបណ្តោះអាសន្ននូវផលិតផល និងទ្រព្យសម្បត្តិដែលបាន មកពីបទល្មើសពុករលួយព្រមទាំងបរិក្ខារ សម្ភារៈដែលបានប្រើប្រាស់ ឬទុកសម្រាប់ប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសពុករលួយ។
១០ – ចាត់ឲ្យអនុវត្តសេចក្តីសម្រេចដែលបញ្ជារឲ្យធ្វើការរឹបអូសដកហូត ឬយកវិញនូវផលិតផលទ្រព្យសម្បត្តិ បរិក្ខារ សម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តអំពើពុករលួយ។
១១ - បញ្ជារឲ្យធ្វើការរឹបអូសវត្ថុទាំងឡាយដែលមានចែងក្នុងចំណុចខាងលើ។
១២ – ឲ្យដំណឹងអំពីការចោទប្រកាន់តាមនីតិវិធីព្រហ្មទណ្ឌ។
១៣ – សួរចម្លើយជនត្រូវចោទតាមនីតិវិធីព្រហ្មទណ្ឌ។
១៤ – រកឲ្យឃើញ និងកំណត់អត្តសញ្ញាណសាក្សី និងជនសង្ស័យ។
មាត្រា ៥២ – ករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសមួយ
ស្ថាប័នប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ពន្ធមានកាតព្វកិច្ចស្វះស្វែងរកកិច្ចសហប្រត្តិការអន្តរជាតិ និងជំនួយផែ្នកច្បាប់ទៅវិញទៅមកអំពីស្ថានភាពទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយ។
មាត្រា ៥៣ – នីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក
នីតិវិធីនៃការអនុវត្តន៍ជំនួយផ្នែកច្បាប់ទៅវិញទៅមក ត្រូវអនុវត្តតាមគោលការណ៍ទាំងឡាយឡាយដែលបានកំណត់ក្នុងសន្ធិញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងច្បាប់ជាតិជាធរមាន។
ជំពូកទី ៨ អន្តរប្បញ្ញត្តិ
មាត្រា ៥៥ – ការរៀបចំដំណើរការរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាប់ពីច្បាប់នេះត្រូវបានប្រកាសឲ្យប្រើ រាជរដ្ឋាភិបាលត្រូវរៀបចំឲ្យមានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ យ៉ាងយូរ។
អង្គភាពដើមប្រឆាំងអំពើពុករលួយត្រូវទទួលបន្ទុកអនុវត្តភារកិច្ចប្រឆាំងអំពើពុករលួយតាមច្បាប់ជាធរមាន និងផ្សព្វផ្សាយច្បាប់នេះរហូតដល់ស្ថាប័នប្រឆាំងអំពើពុករលួយត្រួវបានរៀបចំហើយ ទើបអង្គភាពដើមប្រឆាំងអំពើពុករលួយនេះត្រូវរំលាយ។
ជំពូកទី ៩ អវសានប្បញ្ញត្តិ
មាត្រា ៥៦ – និរាកណ៍
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍។
មាត្រា ៥៧ – ការប្រកាសឲ្យប្រើប្រាស់
ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។
មាត្រា ៥៨ – ការអនុវត្តច្បាប់
បន្ទាប់ពីការចូលជាធរមាននៃច្បាប់នេះ បទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ ត្រូវយកមកអនុវត្តភ្លាម។
បទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ មានអនុភាពអនុវត្តក្នុងរយៈពេល១២ (ដប់ពីរ) ខែ ក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តទាំងស្រុង។











