ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ជំពូកទី ១ បទប្បញ្ញាតិ្តទូទៅ
ជំពូកទី ២ ស្ថាប័នប្រឆាំងអំពើពុករលួយ
ជំពូកទី ៣ ថវិការ ​និង​ធនធាន​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ
ជំពូកទី ៤ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល
ជំពូកទី ៥ នីតិ​វិធី​អនុវត្ត​ចំពោះ​បទ​ល្មើស​ពុក​រលួយ ​និង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច
ជំពូកទី ៦ បទល្មើសពុករលួយ និងទោស
ជំពូកទី ៧ បត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក
ជំពូកទី ៨ អន្តរប្បញ្ញត្តិ
ជំពូកទី ៩ អវសានប្បញ្ញត្តិ

ជំពូកទី ១ បទប្បញ្ញាតិ្តទូទៅ

មាត្រា​១ – គោលបំណង
ច្បាប់​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការ​ដឹងនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។
មាត្រា ២ – គោលដៅ
ច្បាប់​នេះ មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​តាមរយៈ​ការ​ចាត់វិធាន​ ការអប់រំ បង្ការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​បង្រ្កាប់​បទល្មើស​ពុករលួយ ហើយ​ដោយ​មាន​ការ​ចូលរួម និង​គាំទ្រ​ពី​មហាជន​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។
មាត្រា ៣ – វិសាលភាព
ច្បាប់​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​អំពើ​ពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ប្រព្រឹត្ត​ក្រោយ​ពេល​ដែល​ច្បាប់​នេះ​មាន​អានុភាព​អនុវត្ត។
មាត្រា ៤ – និយមន័យ
វាក្យ​សព្ទ​បច្ចេកទេស​ក្នុង​ច្បាប់​នេះ​មានន័យ​ដូច​ត​ទៅៈ
១ – បទល្មើសពុករលួយ: មានន័យថា បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​នៅក្នុង​ជំពូកទី​ ៦ នៃ​ច្បាប់​នេះ។
២ – អ្នករាជការសាធារណ: មានន័យថាៈ
ក – បុគ្គល​ដែល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ្ត ស្ថាប័ន​នីតិប្រតិបត្តិ ឬ ស្ថាប័ន​តុលាការ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​លិខិត​បទដ្ឋាន​គតិយុទ្ត ទោះ​ជា​អចិន្តៃ្រយ៍ ឬ​ជា​បណ្ដោះ​អាសន្នក្តី ទោះ​ជា​បាន ឬ​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​ក្តី ដោយ​មិន​គិត​ពី​ឋានៈ អាយុ​របស់បុគ្គល​ឡើយ។
ខ – បុគ្គល​ឯ​ទៀត​ដែល​ធ្វើការ​ក្នុង​មុខងារ​សាធារណៈ​រួម​ទាំង​ទីភ្នាក់​ ងារសាធារណៈ ឬ​សហគ្រាស​សាធារណៈ ព្រម​ទាំង​ស្ថាប័ន​សាធារណៈ​ដទៃ​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នៃ​ ព្រះរាជាណាចក្រកម្ពុជា។
៣ – មន្ត្រីសាធារណៈបរទេស: មានន័យថា មន្ត្រី​បរទេស​ដែល​កាន់​តំណែង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញតិ្ត ស្ថាប័ន​នីតិប្រតិបត្តិ ឬ​ស្ថាប័ន​តុលាការ​របស់​ប្រទេស​ក្រៅ ទោះ​ជា​បាន​តែង​តាំង ឬ​បោះឆ្នោត​ជ្រើសរើស​ក៏​ដោយ និង​ជន​បរទេស​ដែល​អនុវត្ត​មុខងារ​សាធារណៈ​សម្រាប់​ប្រទេស​ក្រៅ​ណា​មួយ រួមមាន​ទីភ្នាក់ងារ​សាធារណៈ ឬ​សហគ្រាស​សាធារណៈ។
៤ – មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ: មានន័យថា មន្ត្រី​អន្តរជាតិ ឬ​ជន​ណា​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​អង្គការ​អន្តរជាតិ​ឲ្យ​បំពេញ​ ភារកិច្ច​ក្នុង​នាម​អង្គការ​អន្តរជាតិ​នោះ។
៥ – ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត: ​ មានន័យថា សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រមទាំង​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការ​បោះឆ្នោត ដើម្បី​បំពេញ​មុខងារ​សាធារណៈ​ដទៃ​ទៀត។
៦ – ចៅក្រម: មានន័យថា​ចៅ​ក្រម​អាសនៈ និង​ចៅក្រម​អយ្យការ។
៧ – នីតិបុគ្គល: មានន័យ​ថា​ក្រុម​មនុស្ស ឬ​មូលនិធិ​ដែល​មាន​បុគ្គលភាព​គតិយុត្ត ហើយ​ជា​ប្រធាន​នៃ​សិទ្ធិ និង​កាតព្វ​កិច្ច។
៨ – សង្គមស៊ីវិល: មានន័យ​ថា សហគមន៍ ឬ​ក្រុម​មនុស្ស​ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ការ​ការពារ​ផល​ ប្រយោជន៍​លើ​វិស័យ​សេដ្ឋកិច្ច សង្គម​កិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ និង​សាសនា មាន​ជា​អាទិ៍ សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល គណបក្ស​នយោបាយ។
៩ – អត្ថប្រយោជន៍: មានន័យថាៈ
ក – អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬ​កម្រៃ​ជើង​សា​ដែល​មិន​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់​ជា​ធរមាន ជា​ទឹក​ប្រាក់ ឬ​ជា​វត្ថុ​មាន​តម្លៃ ឬ​ជា​ទ្រព្យ​សម្បត្តិ​ប្រភេទ​អ្វី​មួយ។
ខ – ការងារ តំណែង មុខងារ កិច្ច​ព្រម​ព្រៀង ឬ​កិច្ច​សន្យា​អ្វី​មួយ។
គ – ការ​បង់​ប្រាក់ ការ​លើក​លែង ការ​លុប​ចោល ការ​លុប​បំបាត់​នូវ​ប្រាក់​កម្ចី អ្វី​មួយ កាត​កិច្ច ឬ​បំណុល​ដទៃ​ទៀត ទោះ​ជា​ទាំងមូល​ក្តី ឬ​ដោយ​ផ្នែក​ក្តី។
ឃ – សេវាកម្ម​ឯ​ទៀត ឬ​ការ​ផ្តល់​ជា​គុណប្រយោជន៍ រួម​ទាំង​កិច្ច​ការពារ​មិន​ឲ្យ មាន​ការ​ដាក់​ទណ្ឌកម្ម ដែល​លេច​ចេញ​ពី​អំពើ ឬ​ដំណើរការ​នៃ​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋប្បវេណី ឬ​ព្រហ្ម – ទណ្ឌ ទោះបី​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​កំណត់ ឬ​ពុំ​ទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ។
ង – ការ​អនុវត្ត ឬ​ការ​រារាំង​មិន​ឲ្យ​អនុវត្ត​នូវ​សិទ្ធិ​ ឬ​អំណាច ឬ​ភាកិច្ច​អ្វី​មួយ។
ច – ការ​ស្នើ​ជូន ឬ​ការ​សន្យា​ថា​ជូន ទោះបី​មាន​លក្ខខណ្ឌ ឬ​គ្មាន​លក្ខខណ្ឌ​ក្តី នូវ​អត្ថប្រយោជន៍ ដូច​មាន​ចែង​ក្នុង​ស្មារតី​នៃ​កថា​ខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
១០ – អំណោយ: មានន័យ​ថា ទ្រព្យ ឬ​សេវា​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុគ្គល​ណា​ម្នាក់ ហើយ​ដែល​មិន​ត្រូវ​បាន​ចាត់ទុក​ជា​កិច្ច​ព្រម​ព្រៀង និង​មិនមែន​ជា​ជំនូន​តាម​ទំនៀម​ទម្លាប់ ឬ​ប្រពៃណី។
១១ – ទំនាស់ផលប្រយោជន: មានន័យ​ថា​ ផល​ប្រយោជន៍​ជា​ទឹក​ប្រាក់ ផល​ប្រយោជន៍​នយោបាយ ផល​ប្រយោជន៍​សម្រាប់​គ្រួសារ ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​អាច​មាន ឥទ្ធិពល​លើ​ទង្វើ​របស់​ជន​ណា​ម្នាក់ ក្នុង​ការ​អនុវត្ត​កាតកិច្ច​ជា​ផ្លូវការ​របស់​ខ្លួន។
១២ – ទ្រព្យសម្បតិ្ត: មានន័យ​ថា ទ្រព្យ​គ្រប់​ប្រភេទ ទោះ​ជា​ចលន​វត្ថុ ឬ​ជា​អចលន​វត្ថុ រូបីយ ឬអរូបីយ និង​ឯកសារ​គតិយុត្ត ឬ​លិខិតូបករណ៍​ដែល​បញ្ជាក់​ពី​កម្មសិទ្ធិ ឬ​ផលប្រយោជន៍​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​នោះ។
១៣ – ការចាប់យក: មានន័យថា ការ​ហាម​ប្រាម​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ធ្វើការ​ផ្ទេរ​ផ្លាស់ប្តូរ ប្រែប្រួល ប្រគល់​ឲ្យ ឬ​ធ្វើ​ចលនា​នៃ​ទ្រព្យ​សម្បត្តិ ឬ​យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​បណ្ដោះ​អាសន្ន ឬ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​តាមរយៈ​ដីកា​តុលាការ។
១៤ – ការរឹបអូស: មានន័យ​ថា ការ​ដក​ហូត​ជា​អចិន្ត្រៃយ៍​នូវ​ទ្រព្យ​សម្បត្តិ​ណា​មួយ​តាមរយៈ​សេចក្តី​សម្រេច​របស់​តុលាការ។
១៥ – ផលនៃអំពើពុករលួយ: មានន័យ​ថា ទ្រព្យ​ណា​ក៏​ដោយ​ដែល​មាន​មក​ពី ឬ​ទទួល​បាន​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
១៦ – កម្រៃ: មានន័យ​ថា ផល​ជា​ប្រាក់​បាន​មក​អំពី​កិច្ចការ​ការិយាល័យ ឋានៈ​មុខងារ​ឬ​ការងារ​ដែល​រួមទាំង​ប្រាក់​បៀវត្ស ប្រាក់​ឈ្នូល និង​ប្រាក់​បន្ថែម​ឯ​ទៀត។
១៧ – ការប៉ុនប៉ង: មានន័យ​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​អាច​ត្រូវ​ផ្តន្ទាសទោស​បាន កាល​ណា​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ត្រូវ​បាន​បំពេញៈ
ក – ចារី​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​បទ​ល្មើស មានន័យ​ថា ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែល​មាន​គោល​បំណង​ដោយ​ផ្ទាល់ ដើម្បី​ប្រព្រឹត្តបទ​ល្មើស និង
ខ – ចារី​មិន​បាន​បញ្ឈប់​អំពើ​របស់​ខ្លួន​ទៅ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​តែ​ត្រូវ​ បាន​រាំង​ស្ទះ ឬ​អាក់ខាន​ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លួន។ អំពើ​ត្រៀម​បម្រុង​ដែល​ពុំ​មាន គោល​បំណង​ដោយ​ផ្ទាល់ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​មិន​មែន​ជា​ការ​ចាប់ផ្តើម​ប្រព្រឹត្តទេ។
១៨ – អ្នកផ្តើមគំនិត: មានន័យ​ថា បុគ្គល​ណា​ដែលៈ
ក – ជម្រុញឲ្យប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា។
ខ – បង្ក​ឲ្យ​មាន​បទ​ល្មើស​ពុក​រលួយ ដោយ​ផ្តល់​អំណោយ ដោយ​ការ​សន្យា ឬ​ការ​គំរាម​កំហែង ការ​ញុះញង់ ការ​លួងលោម ឬ​ដោយ​ការ​រំលោភ​អាជ្ញា ឬ​អំណាច​របស់​ខ្លួន។
១៩ – អ្នកសមគំនិត: មានន័យថា បុគ្គល​ដែល​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​ការ ប៉ុនប៉ង ឬ​ការ​សម្រេច​បទ​ល្មើស​ពុករលួយ​ដោយ​ផ្តល់​ជំនួយ ឬ​ការ​ឧបត្ថម្ភ​របស់​ខ្លួន។
២០ – អង្គភាពដើមប្រឆាំងអំពើពុករលួយ: មានន័យ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​ លេខ ៨៤​អនក្រ.បក ចុះ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦។

ជំពូកទី ២ ស្ថាប័នប្រឆាំងអំពើពុករលួយ

មាត្រា ៥ – ស្ថាប័នប្រឆាំងអំពើពុករលួយ
ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​រួមមាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​អង្គភាព ប្រឆាំង​អំពើ​ពុករលួយ។
ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មាន​រូប​សញ្ញា និង​ត្រា​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ការងារ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
ផ្នែកទី១
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
មាត្រា ៦ – ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ត្រូវ​​បាន​​បង្កើត​​ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រឆាំង​​អំពើ​​ពុក​រលួយ​ ​ដែល​​មាន​​តួនាទី​​ពិគ្រោះ​​យោបល់​​ និង​​ផ្តល់​​អនុសាសន៍​​លើ​​ការងារ​​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុក​រលួយ។ ​ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រឆាំង​​អំពើ​​ពុក​រលួយ​មាន​​សមា​ជិក ​១១ (ដប់មួយ) រូប ដែល​​មាន​​សមាស​ភាព​​ដូច​​ខាង​​ក្រោមៈ
១ – ឥស្សរជន ១​ (មួយ) រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ។
២ – ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ​ព្រឹទ្ធសភា តាម​សំឡេង​ភាគ​ច្រើន​ដាច់ ខាត​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។
៣ – ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាម​សំឡេង​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។
៤ – ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ចេញ​ពី​រាជរដ្ឋាភិបាល។
៥ – ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​អាជ្ញាធរ​សវនកម្ម​ជាតិ។
៦ – ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ ចេញ​ពី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភាព្រឹទ្ធសភា និង​អធិការ​កិច្ច។
៧ – ឥស្សរជន (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់។
៨ – ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ ចេញ​ពី​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។
៩ – ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
១០ – ឥស្សរជន​ ១ (មួយ) រូប ជ្រើស​តាំង​ចេញ​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។
១១ – ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។
សមាជិកនីមួយៗ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​តទៅៈ
– សញ្ជាតិ​ខ្មែរ​ពី​កំណើត
– មាន​សីលធម៌​ល្អ និង​មាន​កេរ្តិ៍​ឈ្មោះ​ស្អាត​ស្អំ
– មិន​ដែល​មាន​ទោសមជ្ឈិម ឬ​ឧក្រិដ្ឋ ឬ មិន​មាន​ក្ស័យធន
– មាន​សញ្ញា​បត្រ​ចាប់ពី​ឧត្តម​សិក្សា​ឡើង​ទៅ
– មាន​បទ​ពិសោធន៍​ការងារ​ក្នុង​សង្គម​យ៉ាង​តិច ១០ (ដប់) ឆ្នាំ
– មាន​អាយុ​យ៉ាង​តិច ៤៥ (សែសិបប្រាំ) ឆ្នាំ។
មាត្រា ៧ – អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង
សមាជិក​ទាំង​អស់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​រាជក្រឹត្យ សម្រាប់​រយៈពេល ៥ (ប្រាំ) ឆ្នាំ។ អាណត្តិ​នេះ​អាច​ត្រូវ​បន្ត​ជា​ថ្មី។
ក្នុង​ករណី​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​មរណភាព
លាលែង​ចេញ​ពី​តំណែង ឬ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង ឬ​មិន​អាច​បំពេញ​មុខ​តំណែង​
របស់​ខ្លួន​បាន​ដោយ​ប្រការ​ណា​មួយ​ចាប់ពី ៦ (ប្រាំមួយ) ខែ​ឡើង​ទៅ​មុន​ពេល​បញ្ចប់​អាណត្តិ សមាជិក​ថ្មី​ត្រូវ​បាន​តាំង​ជំនួស។
តំណែង ​របស់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ណា​ក៏​ដោយ​នឹង​ ត្រូវ​បពា្ចប់​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​ដែល​តុលាការ​សម្រេច​ថា សមាជិក​នោះ​មាន​ទោស​ពី​បទ​មជ្ឈិម ឬ បទឧក្រិដ្ឋ​ណា​មួយ។
ក្នុង​ករណី​ទាំង​ឡាយ​ខាង​លើ​នេះ ប្រធាន​ត្រូវ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​សម្រេច និង​ចាត់​វិធាន​ការ​សមស្រប​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​តំណែង ការ​ដក​ហូត​តំណែង ព្រមទាំង​ការ​ជ្រើស​តាំង​ឥស្សរជន​ជំនួស ស្រប​តាម​មាត្រា ៦ (ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ) នៃ​ច្បាប់​នេះ។
មាត្រា ៨ – ការជ្រើសតាំងប្រធាន និងអនុប្រធាន
ប្រធាន និង​អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ជ្រើស​តាំង ​​ដោយ​​ការ​បោះឆ្នោត​ពី​សមាជិក​របស់​ខ្លួន​តាម​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​លើក​ទី ១​ តាម​ការ​កោះ​អញ្ជើញ​របស់​សមាជិក ដែល​មាន​វ័យចាស់​ជាង​គេ។ ក្នុង​ករណី​បោះឆ្នោត​លើល​ទី ១ ពុំ​បាន​សម្រេច ការ​បោះឆ្នោត​លើក​ទី ២ ត្រូវ​យក​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។
ក្នុង​ករណី​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​អវត្តមាន ឬ​មិន​អាច​បំពេញ ភារកិច្ច​បាន អនុប្រធាន​បំពេញ​ភារកិច្ច​ជំនួស។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធាន ឬ​អនុប្រធាន​ក្រុម ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឡើយ។
មាត្រា ៩ – ឋានៈ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ
សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ឋានៈ ដូច​ខាង​ក្រោមៈ
– ប្រធាន មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋមន្ត្រី
– អនុប្រធាន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី
– សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។
មាត្រា ១០ – ភាកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​ដូច​ត​ទៅៈ
– កសាង​យុទ្ធសាស្រ្ត និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ
– ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ
– ឃ្លាំ​មើល​ដំណើរការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
– ស្នើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​រាយការណ៍ ឬ​បំភ្លឺ
– ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី អំពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
– ធ្វើ​របាយការណ៍​ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ជូន​នាយករដ្ឋមន្ត្រី
– រៀបចំ និង​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។
ផ្មែកទី២
អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ
មាត្រា១១ – ​ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវ​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឯករាជ្យភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ដោយ​ប្រធាន១ (មួយ) រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្រ្តី​ជា​ជំនួយ​ការ​តាម​ការ​ចាំបាច់។
ប្រធាន​និង​អនុប្រធាន​ត្រូវ​តែងតាំង​ដោយ​ព្រះ​រាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី។
ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
មាត្រា១២ – លក្ខណសម្បត្តិនៃប្រធាននិងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធាន​និង​អនុប្រធាន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចទៅៈ
– មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត
– មាន​សីលធម៌​ល្អ​និង​កេរ្តិ៍​ឈ្មោះ​ស្អាត​ស្អំ
– មិន​ដែល​មាន​ទោស​មជ្ឈិម ឬ​ឧក្រិដ្ឋ ឬ​មិន​មាន​ក្ស័យធន
– មាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់​ឧត្តម​សិក្សា​ឡើង​ទៅ
– មាន​បទពិសោធន៍​ការងារ​ក្នុង​សង្គម​យ៉ាង​តិច​៧ (ប្រាំពីរ) ឆ្នាំ
– មាន​អាយុ​យ៉ាង​តិច ៣៥ (សាមសិបប្រាំ) ឆ្នាំ។
មាត្រា១៣ – ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​ដូច​ខាង​ក្រោមៈ
– អនុវត្ត​ច្បាប់​បទ​បញ្ជា និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ​ជា​ធរមាន
– រៀបចំ​កសាង​ផែនការ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ស្រប​តាម​យុទ្ធ​សាស្ត្រ និង​នយោបាយ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ
– ដឹកនាំ​ការងារ​ទប់ស្កាត់ និង​បង្រាប​អំពើ​ពុករលួយ
– តាម​ដាន​ស៊ើប​អង្កេត​ត្រួត​ពិនិត្យ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ព្រមទាំង​លើក​វិធានការ​នានា​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ​នៅ​តាម​ក្រសួង​ស្ថាប័ន​អង្គភាព​សាធារណៈ និង​ឯកជន​ទាំងអស់​ស្រប​តាម​នីតិវិធី​ជា​ធរមាន
– ទទួល និង​ពិនិត្យ​រាល់​ពាក្យ​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ព្រមទាំង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជាធរមាន
– ស្វែងរក ពិនិត្យ និង​រៀបចំ​ឯកសារ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ
– រក្សា​ការ​សម្ងាត់​ជា​ដាច់​ខាត់​ចំពោះ​ប្រភព​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ
– ចាត់​វិធាន​ការ​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ​ដល់​បុគ្គល​ដែល​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ
– ធ្វើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ដូច​មាន​ប្បញ្ញត្ត​ក្នុង​ច្បាប់​នេះ
– ដឹកនាំ​ការងារ​ឃោសនា​អប់រំ​មហាជន​អំពី​ផលវិបាក​នៃ​អំពើ​ពុករលួយ និង​លើក​ទឹកចិត្ត​ឲ្យ​មហាជន​ចូល​រួម​ក្នុង​ការ​បង្ការ​ទប់ស្កាត និង​កម្ចាត់​អំពើ​ពុករលួយ
– ពិនិត្យ​ និង​លើក​គម្រោង​ថវិការ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
– ទទួល​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ចំពោះ​រាល់​សំណួរ​ដែល​លើក​ឡើង​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ឬសមាជិក​រដ្ឋសភា
– បម្រើ​សេវា​ការងារ​ជូន​ក្រុម​ព្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ
– តែងតាំង​ផ្លាស់ប្តូរ​និង​គ្រប់គ្រង ឬ​លើក​សំណើរ​តែងតាំង​ផ្លាស់ប្តូរ​មន្រ្តី​រាជ​ការ​ក្រោម​ឱវាទ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
– ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ​អង្គការ​តំបន់​អង្គការ​អន្តរជាតិ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លង​ដែន
– ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ទាំងឡាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជូន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ
– មាន​សិទ្ធិ​ធ្វើ​ការ​ព្រមាន​ចំពោះ​មុខ​សញ្ញា​ដែល​ក្នុង​ដំណាក់​កាល​ដំបូង​មាន​ការ​ខកខាន​មិន​បាន​អនុវត្ត​ច្បាប់ និង​បទប្បញ្ញាតិ្ត​ជា​ធរមាន​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​អំពើ​ពុករលួយ។
មាត្រា១៤ – មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ
មន្រ្តី​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួម​មាន​មន្រ្តី​រាជការ​ដែល​ត្រូវ​បាន​តែងតាំង ឬ​ផ្ទេរ ឬ​បញ្ជូន​មក​បម្រើ​ការងារ​ក្នុង​អង្គភាព និង​មន្រ្តី​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​តាម​កិច្ចសន្យា។​ មន្រ្តី​ទាំងអស់​ខាង​លើ​នេះ​ត្រូវ​គោរព​តាម​បទប្បញ្ញត្តិទាំងឡាយ​នៃ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ដទៃ​ទៀត​ជា​ធរមាន។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ជ្រើសរើស​អ្នក​ជំនាញការ​អ្នក​ឯកទេស និង​អ្នក​ស្រាវជ្រាវ​ជាតិ​អន្តរជាតិ​ជាប់​កិច្ចសន្យា ឬ​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​មក​ផ្តល់​យោបល់​បច្ចេកទេស​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើ​ពុករលួយ។
មាត្រា១៥ – បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាព ​ប្រឆាំង​អំពើ​អាច​មាន​ការិយាល័យ​របស់​ខ្លួន​នៅ​គ្រប់​រាជធានី​ខេត្ត​នៃ​ ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ធ្វើ​ជា​បណ្តាញ​ការងារ​របស់​ខ្លួន។
ការិយាល័យ​ប្រឆាំង​អំពើ​ពុលរលួយ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ប្រធាន​មួយ​រូប និង​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយការ​តាម​ការ​ចាំបាច់។

ជំពូកទី ៣ ថវិការ​និង​ធនធាន​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ

ជំពូកទី ៤ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល

មាត្រា១៧ – សមាសភាពបុគ្គលិកដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល
ក្នុង​ពេល​ចូល​កាន់​មុខ​តំណែង និង​ក្នុង​ពេល​ចេញ​ពី​មុខ​តំណែង​បុគ្គល​ដូច​ខាង​ក្រោម​នេះ​ត្រូវប្រកាសទ្រ​សម្បត្តិ​របស់​ខ្លួន​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ជា​ទម្រង់​អេឡិចត្រូនិច​ទោះ​ជា​ទ្រព្យ​សម្បត្តិ​នោះ​នៅ​ក្រៅ​ប្រទេស​ក្តី ឬ​ក្នុង​ប្រទេស​ក្តី​រួម​ទាំង​បំណុល​ផង​ហើយ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​សាមីខ្លួន​ផ្ទាល់ៈ
១ – សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល។
២ – មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង។
៣ – សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រធាន​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
៤ – មន្រ្តី​រាជការ​ស៊ីវិល​យោធា​ នគរបាល​ជាតិ និង​អ្នក​រាជការ​សាធារណៈ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ។
៥ – មន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស​ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​តាម​បញ្ជី​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។
៦ – ចៅក្រម​អាសនៈ​ចៅក្រម​អយ្យការ​សារការី​ក្រឡាបញ្ជី និង​អាជ្ញាសាលា។
៧ – ថ្នាក់​ដឹកនាំ​នៃ​សង្គម​ស៊ីវិល
មាត្រា ១៨ – របប​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល
មន្រ្តី​ដូច​ជា​មាន​ចែង​ក្នុង​មាត្រា ១៧ (សមាស​ភាព​បុគ្គល​ដែល​ត្រូវ​ប្រកាស​​ទ្រព្យសម្បត្តិ និង បំណុល) ខាង​លើ​នេះ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​រៀង​រាល់ ២ (ពីរ) ឆ្នាំម្ដង នៅ​ដើម​ខែ​មករា ហើយ​មិន​ឲ្យ​ហូស​ពី​ថ្ងៃទី ៣១ ខែមករា​ឡើយ។ ការ​ប្រកាសទ្យព្យ​សម្បត្តិ និងបំណុល​លើក​ដំបូង​ត្រូវអនុវត្ត​ធ្វើ ៣០​ (សាមសិប) ថ្ងៃយ៉ាង​យូរ ក្រោយ​ពេល​ចូលកាន់មុខតំណៃង។ ចំណែក​ការ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​លើកទីពីរ ត្រូវ​ធ្វើ​នៅ​ខែ មករា ឆ្នាំទី ៣ នៃការ​កាន់​មុខ​តំណែង ហើយ​ការ​ប្រកាស​ទ្យព្យសម្បត្តិ និង បំណុល​ចុង​ក្រោយ​ត្រូវ​ធ្វើ ៣០ (សាម​សិប) ថ្ងៃយ៉ាង​យូរ​មុន​ពេល​ចាក​ចេញ​ពីមុខ​តំណែង។ ក្នុង​ករណីមិន​អាច​ធ្វើការ​ប្រកាស​មុន​ពេលចាក​ចេញ​ពី​មុខតំណែង​បាន​ដោយ​មូល​ហេតុ​មាន​ការដកហូត​មុខ​តំណែង ត្រូវ​ប្រកាស​យ៉ាង​យូរ ៣០ (សាម​សិប) ថ្ងៃ ក្រោយ​ការ​ចាក​ចេញ​ពីមុខតំណែង។
ចំពោះ​បុគ្គល​ដែល​មាន​សមាសភាព​ដូចមាន​ចែង​ក្នុង​មាត្រា ១៧ (សមាសភាព​បុគ្គល​ដែលត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល) ដែល​កំពុង​បំពេញ​មុខ​តំណែង​ត្រូវធ្វើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​លើក​ដំបូង​ក្នុង​រយៈ​ពេល ៦០ (ហុក​សិប) ថ្ងៃ បន្ទាប់​ពី​ស្ថាប័ន​ប្រឆាំង​អំពើ​រលួយ​បាន​បង្កើត​ឡើង​ដូចមាន​ចែងក្នុង​មាត្រា​៥៤ (ការ​រៀបចំដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ) នៃច្បាប់​នេះ។
ទម្រង់បែបបទ និង នីតិវិធី​នៃការ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។
មាត្រា ១៩ – ជន​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល
ក្រោយ​ពីត្រូវ​បាន​ស៊ើប​អង្កេត និង ទទួល​សេចក្ដី​សម្រេច​ពី​អង្គភាព​ប្រឆាំង​អំ​ពើ​ពុករលួយ ជនដែល​មាន​ការពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ត្រួវ​ធ្វើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​របស់​ខ្លួន​ជា​លាយ​លក្ខណ៌​អក្សរ ឬ ជាទម្រង់​អេឡិច ទោះ​វីជន​នោះ​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​ដូច​មាន​ចែងក្នុង​មាត្រា ១៧ (សមាសភាព​បុគ្គល​ដែលត្រូវប្រកាស​ទ្រព្យសម្បត្តិ និង បំណុល) និង មាត្រា ១៨ (របប​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល) នៃច្បាប់​នេះ​ក៏​ដោយ។
ការ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​របស់​ជន​ដែល​ជាប់​ពាក់ព័ន្ធខាងលើ​នេះ​ត្រូវ​អនុវត្ត​តាមនីតិវិធី ដូច​មានចែង​ក្នុង​មាត្រា ១៨ (របប​ប្រកាស​ទ្រព្យ​សម្បត្តិ និង បំណុល) នៃច្បាប់​នេះ​រហូត​ពេល​ដែល​អស់​មាន​ការចាំ​បាច់។
មាត្រា ២០ – ការរក្សារទុក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល
សំណុំ​ឯកសារ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​នៃ​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​ត្រូវ​ទុក​ជាការ​សម្ងាត់​ខ្ពស់​បំផុត និង ធ្វើ​ជាទម្រង់​អេឡិចត្រូនិក​ដោយ​មាន​លេខ​សម្ងាត់ ឬ​ ធ្វើ​ជាលិខិត​ជា​ពីរ​ច្បាប់​តាមគំរូ​ដែល​កំណត់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ដាក់​ក្នុង​ស្រោម​សំបុត្រ​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា ដែល​មួយ​ច្បាប់រក្សាទុក​ដោយ​សមី​ខ្លួន និង​មួយច្បាប់​ទៀត​រក្សាទុក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ លើ​មាត់​ស្រោម​សំបុត្រ​ដែល​បិទ​ជិត​ត្រូវ​ប្រថាប់​ត្រា និង ចុះ​ហត្ថលេខា​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ឬ តំណាងព្រម​ទាំង​មាន​ផ្ដិត​ម្រាម​ដៃ​សាមីខ្លួនផង។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​ធ្វើ​ការ​សម្រេច​បើក​ស្រោម​សំបុត្រ ឬ បើក​មើល​ឯកសារ​អេឡិច​ត្រូនិក​ខាងលើ​ដើម្បីបុព្វ​ហេតុ​នៃការ​ស៊ើប​ងង្កេត​តាមការ​ចាំបាច់។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​រក្សា​សំណុំ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​ក្នុង​រយៈ​ពេល​យ៉ាង​តិច​ ១០ (ដប់) ឆ្នាំ ចាប់​ពីពេលទទូល​សំណុំឯកសារ។
នីតិវិធីក្នុង​ការ​បើក​ស្រោម​សំបុត្រ ឬ​បើក​មើល​ឯកសារ​អេឡិច​ត្រូនិក​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។

ជំពូកទី ៥ នីតិ​វិធី​អនុវត្ត​ចំពោះ​បទ​ល្មើស​ពុក​រលួយ ​និង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច

មាត្រា ២១ – នីតិវិធី​សម្រាប់​អនុវត្ត​ចំពោះ​បទ​ល្មើស​ពុក​រលួយ
នីតិវិធី​សម្រាប់​អនុវត្ត​ចំពោះ​បទ​ល្មើស​ពុក​រលួយ​ដែលមាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ និង បទ​ល្មើស​ពុក​រលួយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ ត្រូវ​អនុវត្ត​តាមនីតិវីធី​ដែលមាន​ចែង​នៅក្នុង​ក្រម​នីតិវីធី​ព្រហ្ម​ទណ្ឌ កាល​ណាពុំ​មាន​ចែង​នីតិវិធី​ដោយ​ឡែក​នៅ​ក្នុង​ច្បាប់​នេះ​ទេ។
មាត្រា ២២. មន្រ្តីមាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ពុករលួយ
ប្រធាន អនុ​ប្រធាន និង មន្រ្តី​នៃ​អង្គភាពប្រឆាំង​អំពើពុក​រលួយ​ដែល​ទទួល​បាន​នីតិសម្បទា​ជាមន្រ្តី​នគរបាល​យុត្តិធម៌ មាន​សមត្ថ​កិច្ច​ស៊ើ​ប​អង្កេត​លើ​បទ​ល្មើស​ពុក​រលួយ​ដែល​មានចែង​នៅ​ក្នុង​ច្បាប់​នេះ និង បទល្មើស​ពុករលួយ​ដែល​មានចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។
អង្គភាព​ផ្សេង​ទៀត​ដែល​បាន​ដឹង​អំពី​បទ​ល្មើស​ពុក​រលួយទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ និង​បទល្មើស​ពុករលួយដែល​មាន​ចែង​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​ត្រូវ​ប្ដឹង​ទៅ​អង្គ​ភាព​ ឬ ការិយាល័យ​រាជធានី-ខេត្ត ប្រ​ឆាំង​អំពើ​​ពុក​រលួយ​អំពី​រឿង​ហេតុ​នៃ​​បទល្មើស​ទាំង​នេះ។
មាត្រា ២៣ – ការផ្តល់​នីតិ​សម្បទា​ចំពោះ​មន្រ្តី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
ប្រធាន និង អនុ​ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​មានគុណសម្បត្តិជា​មន្រ្តី​នគរបាល​យុត្តិធម៌​ដោយ​ពេញ​ច្បាប់ ដើ​ម្បី​​បំ​ពេញ​មុខងារ​របស់​ខ្លួន។
មន្រ្តី ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាចទទួលបាន​នីតិសម្បាទា​ជាមន្រ្តី​នគរ​ បាល​យុត្តិធម៌​​ស្រប​​តាម​​បទ​ប្បញ្ញ​ត្តិ​នៃក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​រៀបចំបញ្ជី​ឈ្មោះ​ មន្រ្តី នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែលត្រូវទទួលបាន​នីតិសម្បទា​ជា​មន្រ្តី​ នគរបាល​យុត្តិធម៌​ដោយ​ប្រកាស​របស់​រដ្ឋ​មន្រ្តី​ក្រ​សួង​យុត្តិធម៌។
មាត្រា ២៤ – សម្បថ
ប្រធាន អនុ​ប្រធាន និង ​មន្រ្តីនៃអង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ដែល​បាន​ទទួល​​នីតិសម្បទា​ជាមន្រ្តី​នគរបាល​យុត្តិធម៌ ត្រូវ​សម្បថ​ថា​បំ​ពេញ​មុខងាររបស់​ខ្លួន​ដោយ​ស្មោះ​ត្រង់​តាមលក្ខ​ខណ្ឌ​ដែលមានចែង​នៅ​ក្នុង​មាត្រា ៦៣ (សម្បថ​នែមន្រ្តីនគរបាល​យុត្តិធម៌) នែក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។
មាត្រា ២៥ – អំណាច​ស៊ើប​អង្កេត​របស់​​អង្គភាព​ប្រឆាំង​អំ​ពើ​ពុករលួយ
មន្រ្តីនៃ​អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​ដែលបានទទួល​នីតិសម្បទា​នគរបាល​យុត្តធម៌ ធ្វើ​ការ​ស៊ើប​​អង្កេត​បទ​ល្មើស​ពុករលួយ ដោយ​អនុ​លោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ និង បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់នេះ។
មន្ត្រីនៃ​អង្គភាព​ប្រឆាំអំពើពុក​រលួយ​ដែល​បាន​ទទួលនីតិសម្បទា​ជាមន្រ្តី​នគរបាល​យុត្តិធម៌​មានភារកិច្ច​ស៊ើប​អង្កេត​បទល្មើស​ពុករលួយ។ ក្នុងករណី​ស៊ើប​អង្កេត​បទ​ល្មើស​ពុករលួយ​ហើយ​រកឃើញ​បទល្មើស​ផ្សេង​ទៀត​ដែលមាន​អង្គ​ហេតុ​ទាក់​ទិន​នឹង​បទល្មើស​ដែល​កំពុង​ស៊ើប​អង្កេត មន្រ្តី​នៃអង្គភាព​ប្រឆាំ​អំពើ​ពុករលួយ អាច​ធ្វើ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ទាំង​នោះ​រហូត​ចប់​នីតិវិធី។
អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​មិនអាច​ចាប់​ផ្តើម​ការស៊ើប​អង្កេតបទល្មើស​អ្វី​ក្រៅ​ពី​បទល្មើស​ពុករលួយ​បាន​ទេ លើក​លែង​តែមាន​បញ្ជាពី​អាជ្ញា​ធរ​តុលា​ការ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​បទល្មើស​អ្វី​ក្រៅ​ពីបទ​ល្មើស​ពុករលួយ។
តុលាការ​អាចបញ្ជា​ឲ្យ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ធ្វើ​កោ​សល​វិច័យ​នានាដើម្បី​ជួយ​ដល់​ការ​វិនិ​ច្ឆ័យ​របស់​តុលាការ។
នៅ​ក្នុង​ក្រប​ខណ្ឌ​នៃការ​ស៊ើប​អង្កេត​ទាំង​នេះ និង ដោយ​បដិប្បញ្ញត្តិ​ទៅនឹង​មាត្រា ៨៥ (អំណាយ​របស់​មន្រ្តី​នគរបាល​យុត្តិធម៌​នៅក្នុង​ករណី​ស៊ើប​អង្កេត​បទល្មើស​ជាក់​ស្ដែង) មាត្រា​ ៩១ (ការ​ឆែក​ឆេរ) មាត្រា ៩៤​ (បទបញ្ជា​ឲ្យចូលខ្លួនក្នុង​ករណី​ការស៊ើប​អង្កេត​បទ​ល្មើស​ជាក់​ស្ដែង) និង មាត្រា ១១៤ (ការបញ្ជាឲ្យ​ចូលខ្លួន ការ​ស៊ើប​អង្កេត​បឋម) នែក្រម​នីតិវិធីព្រហ្ម​ទណ្ឌ ប្រធាន​អង្គភាពប្រឆាំ​អំពើ​ពុករលួយ ឬ តំណាង​ដែល​ខ្លួន​បាន​ចាត់​តាំងយ៉ាងត្រឹមត្រូវ មានតួនាទីដឹកនាំ សម្រប​សម្រួល និង ត្រួតពិនិត្យ​បេសកម្ម​របស់​មន្រ្តី​ទាំង​នេះ​ជំនូស​តួនាទី​របស់​ព្រះ​រាអាជ្ញា​រហូត​ដល់មាន​ការ​ឃាត់​ខ្លួន​ជនសង្ស័យ។
បន្ទាប់​ពីមាន​ការ​ឃាត់​ខ្លួន ព្រះរាអាជ្ញា​អនុវត្ត​អំណាច​របស់ខ្លួន​ដូចបានកំណត់​នៅ​ក្នុង​បទប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។
នៅ​ចុង​បញ្ចប់​នៃការ​ស៊ើប​អង្កេត​នីមួយៗ អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​ត្រូវបញ្ជូនរាល់​កិច្ច​នីតិវិធីទាំងអស់​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់​ការ​បន្ត​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។
មាត្រា ២៦ – បុព្វ​ពិសេស​របស់​អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ
ប្រធាន ​អង្គភាពប្រឆាំ​អំពើ​ពុករលួយ​អាច​ស្នើ​សុំ​ពី​អាជ្ញា​ធរ​ឋានានុក្រម​ពាក់​ ព័ន្ធ ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​មុខងារ​នៃ​បុគ្គល​ទាំងឡាយ​ណា​ដែលមាន​ ភស្ដុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ជាប់​ទាក់​ទិននឹង​រឿង​ហេតុ​នៃ​បទ​ល្មើស​ ពុករលួយ។
ប្រសិន​បើជន​ជាប់​សង្ស័យរត់​គេច​ខ្លួន​ទៅ​បរទេស​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាចស្មើសុំ​ទៅ​អាជ្ញា​ធរ​មានសមត្ថកិច្ច​ធ្វើ​បត្យា​ប័ន​តាមបទប្បញ្ញត្តិ​ជាធរមាន។
អង្គភាព ​ប្រឆាំងអំពើ​ពុករលួយ​អាចរៀប​ចំឲ្យ មានទីកន្លែងមួយចំនួន​ជា​អចិន្រ្តៃយ៍ ឬ​ បណ្ដោះ​អាសន្ន​សម​ស្រប សម្រាប់​ការ​ឃាត់​ខ្លួននានា​ដែល​ធ្វើ​ឡើង​ស្រប​ទៅ​តាមក្រម​នីតិវិធី​ព្រហ្ម​ ទណ្ឌ។ នៅ​កន្លែង​ណា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនអាច​រៀប​ចំ​ឲ្យ​ មានទីកន្លែងជា​អចិន្ត្រែយ៍ ឬ ជា​បណ្ដោះ​អាសន្ន​សមស្រប​សម្រាប់​ការឃាត់​ខ្លួន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​រក្សា​ ទុក​ជន​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​ឃាត់​ខ្លួន។
មាត្រា ២៧ – បុព្វ​សិទ្ធិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាក់​ទងនឹង​ការតាមដាន
ដោយ​បដិប្បញ្ញត្តិ​ទៅ​នឹងមាត្រា ១០៥ (ការ​ហាម​ឃាត់​មិឲ្យ ស្ដាប់​ដោយ​ឯកឯង​ជាអាតទិ៍) និង មាត្រា ១៧២ (ការ​ស្ដាប់​ទូរស័ព្ទ​ជា​អាទិ៍ដែល​បង្គាប់​ដោយ​ចៅ​ក្រម​ស៊ើប​សូរ) នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ ក្នុង​ករណី​ដែល​មាន​តម្រុយ​ជាក់​លាក់​ថា​មាន​បទ​ល្មើស​ពុករលួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយអាច៖
ក- ពិនិត្យ និង ដាក់​ឲ្យ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នូវ​គ​ណនី​ធនាគារ ឬ គណនី​ឯ​ទៀត​ដែលចាត់​ទុក​ដូចជា​គណនី​ធនាគារ។
ខ- ធ្វើ​ការ​ត្រួតពិនិត្យ និង​បង្គាប់ឲ្យ​ផ្ដល់​ ឬ ថតចម្លង​លិខិត​យថា​ភូត ឬ លិខិត​ឯកជន ឬ ឯកសារធនាគារ ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មទាំងអស់។
គ- តាម​ដាន​ ឃ្លាំ​មើល លប​ស្ដាប់ លបថតសំឡេងនិងរូបភាព និងដាក់​ខ្សែ​ទូរស័ព្ទ​ក្រោម​ការលប​ស្ដាប់ និង ថត ។
ឃ- ចូល​ទៅ​ពិនិត្យ​ឯកសារនានា ព្រម​ទាំង​ឯកសារ​រក្សា​ទុក​ក្នុង​​ប្រព័ន្ធ​អេឡិច​ត្រូនិក។
ង- រៀប​ចំ​ប្រតិបត្តិការ​ដែល​មាន​គោល​ដៅ​ប្រមូល​ភស្ដុ​តាង​ជាក់​ស្ដែង។
វិធានការ​ខាងលើ​នេះ មិនត្រូវ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​លើ​ការ​សម្ងាត់​វិជ្ជា​ជីវៈ​ឡើយ។ ការសម្ងាត់​របស់​ធនាគារ​ក៏​មិនមែន​ជាយុត្តិកម្ម​សម្រាប់​បដិសេធ​មិន​ផ្តល់​ភស្ដុតាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ ដែល​មាន​បញ្ញត្ត​នៅ​ក្នុង​ច្បាប់​នេះ​ឡើយ។
មាត្រា ២៨. បុព្វ​សិទ្ធិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាក់​ទង​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល
តាម​ការ​ស្នើ​សុំ​របស់​ប្រធានអង្គភាព​ប្រឆាំង​អំពើពុក​រលួយ រាជរដ្ឋាភិបាល​អាច​ធ្វើ​អធិ​បញ្ញា​ឪ្យ​អគ្គ​ព្រះ​រាជអាជ្ញា​អម​សាលា​ឧ​ទ្ធរណ៍ ឬ ព្រះ​រាជអាជ្ញា​អមសាលា​ដំបូង​ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស ដែល​មានចែង​នៅ​ក្នុង​ច្បាប់នេះ និង​ បទល្មើស​ពុករលួយ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។
ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​បាន​ចែងនៅក្នុង​កថាខណ្ឌ​ទី ១ ខាងលើ​នេះ រាប់​បញ្ចូល​ទាំងមូល​និធីដែល​បាន​មក ឬ បង្កើត​បាន​ជា​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្ម​សិទ្ធិ​របស់​បុគ្គល​នោះ។
មាត្រា ២៩ – បុព្វ​សិទ្ធិ​របស់​អង្គភាព​​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អាជ្ញាធរសាធារណៈ
ប្រធានអង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ អាច​ធ្វើ​អធិ​បញ្ជា​ដល់​អាជ្ញា​ធរ​សាធារណៈ​មន្រ្តី​រាជការ ពលរដ្ឋ​ដែលទទួល​អាណត្តិ​សាធារណៈ​តាមការ​បោះ​ឆ្នោត ព្រម​ទាំង​​បណ្ដាអង្គ​ភាពនៃ​វិស័យ​ឯកជន​ពាក់​ព័ន្ធ​មាន​ជាអាទិ៍​ ស្ថាប័នហិរញ្ញ​វត្ថុ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​មន្រ្តី​នៃ​ អង្គភាព​ក្នុង​ការ​ងារ​ស៊ើប​អង្កេត។
ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើ​ពុករលួយ​ក៏​អាច​ស្មើ​សុំ​ការ​សហការ​ពី​ស្ថាប័ន​ជាតិ និង អន្តរ​ជាតិ​ក្នុង​ការ​ធ្វើ​កោសល​វិច័យ​នានា​ទាក់​ទង​ទៅនឹងការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផង​ដែរ។
មាត្រា ៣០ – ការចាប់​យក
ការចាប់​យក​ត្រូវ​អនុវត្ត​តាម​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។
មាត្រា ៣១ – នីតិវិធី​នៅ​ចំពោះ​មុខ​តុលាការ​ព្រ​ហ្ម​ទណ្ឌ
នៅ​ក្នុង​រឿង​ក្តីព្រហ្មទណ្ឌ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ​ តុលាការ​ដែល​បាន​ទទួល​បណ្ដឹង ត្រូវ​​ធ្វើ​ការ​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​យ៉ាង​ឆាប់​បំផុត។

ជំពូកទី ៦ បទល្មើសពុករលួយ និងទោស

មាត្រា ៣២​ – បទល្មើសពុករលួយដែលមានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌ
ក្រៅពីបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ​ បទល្មើសដែលមានចែងនៅក្នុងមាត្រា​​ ២៧៨ (បទស៊ីសំណូកនៃនិយោជិត)​ មាត្រា២៧៩​ (បទសូកប៉ាន់ដល់នៃនិយោជិត) មាត្រា ២៨០ (បទស៊ីសំណូក​របស់អភិបាលជាអាទិ៍) ​មាត្រា ៣៨៧​ (បទដេញថ្លៃមិនត្រឹមត្រូវ)​ មាត្រា ៤០៤ (និយមន័យនៃការសម្អាត​ប្រាក់)​​ មាត្រា​ ៤០៥ (ទោសដែលត្រូវអនុវត្ត)​ មាត្រា ៤០៦ (ស្ថាន​ទម្ងន់ទោស) មាត្រា ៤០៩​ (ការទទួលខុស​ត្រូវព្រហ្ម​ទណ្ឌរបស់នីតិបុគ្គល)​ មាត្រា ៥១៧ (បទស៊ី​សំណូកប្រព្រឹត្តដោយចៅក្រម​)​ មាត្រា ៥១៧ ​(បទសូក​ ប៉ាន់ចំពោះចៅក្រម ​)​ ​មាត្រា ៥១៩​ (ការ​ទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល​) មាត្រា ៥៤៧​ (បទស៊ី​សំណូករបស់សាក្សីដើម្បីធ្វើសក្ខី​កម្ម​ក្មែងក្លាយ) មាត្រា ៥៤៨ (បទសូកប៉ាន់សាក្សី) មាត្រា ៥៥៣ (បទស៊ី​សំណូករបស់អ្នកបកប្រែ)​​ មាត្រា ៥៥៤ (បទសូកប៉ាន់អ្នកបកប្រែ) មាត្រា ៥៥៣ (បទស៊ី​សំណូករបស់​អ្នកជំនាញ)​ មាត្រា ៥៥៦ (បទសូកប៉ាន់អ្នកជំនាញ)​​ មាត្រា ៥៥៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៩២ (និយមន័យនៃវីតិក្រម) មាត្រា ៥៩៣ (ទោស​ ដែលត្រូវអនុវត្ត)​ មាត្រា ៥៩៤ (បទស៊ីសំណូក) មាត្រា ៥៩៥ (និយមន័យនៃជំនួញឥទ្ឋិពលអកម្ម)​ មាត្រា ៥៩៦ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់)​ មាត្រា ៥៩៨ (ទោសដែលត្រូវ​អនុវត្ត) មាត្រា ៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា ៦០០ (ទោសដែល​ត្រូវអនុវត្ត)​ មាត្រា ៦០១ (បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) មាត្រា ៦០៥ ​(បទសូក​ប៉ាន់)​ មាត្រា ៦០៦ (បទឥទ្ឋិពលសកម្ម)​ មាត្រា ៦០៧ (បទសម្លុតគំរាម) មាត្រា ៦០៨ (បទបំផ្លាញ និងគៃ​បំបាត់)​ មាត្រា ៦២៥ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៦៣៧​​ (បទស៊ីសំណូកដោយ​អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិ​សម្ប​ទារដើម្បីលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៩ (បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈ​ខាងវេជ្ជ​សាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃ​គណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤១ (ការអនុវត្តបទមជ្ឈិមនៃ​មាត្រា ៦៣៦​ និង​ ៦៤០ចំពោះគ្រប់វិជ្ជាជីវៈខាងវេជ្ជសាស្រ្ត) និងមាត្រា ៦២២ (ការទទួលខុសត្រូវ​ព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌជាបទល្មើសពុករលួយដែលត្រូវ​អនុវត្តតាមច្បាប់​នេះ។
មាត្រា​​​ ៣៣ – បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិ​សាធារណៈ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់​ ១៥ (ដប់ប្រាំ) ឆ្នាំ អំពើប្រព្រឹត្តដោយមន្រ្តី​សាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដែលសុំទាមទារ ឬយល់ព្រមទទួលដោយ​គ្មានសិទ្ឋិដោយផ្ទាល់ ឬដោយប្រយោនូវអំណោយជំនូនការសន្យា ឬ​អត្ថ​ប្រយោជន៍ណាមួយដើម្បីៈ
១ – បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ – មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៤ – បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិ​សាធារណៈ​
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥ (ប្រាំ) ឆ្នាំ ដល់​ ១០ (ដប់) ឆ្នាំ បុគ្គលណាដែលគ្មាន​សិទ្ឋិ​ដោយ​ផ្ទាល់ ឬដោយប្រយោលប្រគល់អំណោយ ឬជំនូន ឬធ្វើការសន្យាជាមួយ ឬផ្តល់ប្រយោជន៍​អ្វី​មួយ​ដល់មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈដើម្បីឲមន្រ្តីនោះ​
១ – បំពេញកិច្ចនៃមុខងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
២ – មិនបំពេញកិច្ចនៃងាររបស់ខ្លួន ឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន។
មាត្រា ៣៥ – បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិ​សាធារណៈ​
អំ​ពើប្រព្រឹត្តដោយរាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតា​ម​ការ​បោះឆ្នោតនៅក្នុង​ការបំពេញមុខងាររបស់ខ្លួន ឬក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លួនចាត់​វិធាន​ការរារំាងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវប្រយោជន៍ណាមួយ​ត្រូវផ្តន្ទាស​ទោស​​ដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ដល់​ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000​​ 000 (បួនលានរៀល) ទៅ ១0 000 000​(ដប់លាន)​រៀល។
បទល្មើសនេះ ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី​ ៥​ (ប្រាំ)ឆ្នាំ ទៅ ១០​ (ដប់)ឆ្នាំ ប្រសិន​បើល្មើសនេះ​មានប្រសិទ្ឋភាព។
មាត្រា ៣៦ – បទមានទ្រព្យសម្បត្តិដោយខុសច្បាប់
ការ​មានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែល​បុគ្គលនេះមិនអាចផ្តល់ការពន្យល់សមហេតុសមផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយ​ប្រៀបធៀបទៅនឹងចំណួលស្របច្បាប់របស់ខ្លួន។
បន្ទាប់ពីបានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើមុនគ្រប់បុគ្គលដូចមានចែង​នៅ​ក្នុង​
មាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល)​ និងមាត្រ ១៩ (ជនផ្សេងទៀត​ដែល​ត្រូវ​ប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះដែលមិនអាចផ្ត​ល់​ការ​ពន្យល់​​សមហេតុសម ផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូល​ស្រប​ច្បាប់​របស់ខ្លួន ត្រូវទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិដែលពុំអាចពន្យល់បានទាំងអស់ទុក​ជា​សម្បត្តិរដ្ឋ។
ប្រសិនបើទ្រព្យសម្បត្តិដែលកើនដោយពុំអាចពន្យល់បាននេះមានការពាក់ព័ន្ឋនឹងបទ​ល្មើស​​​​​ពុក​រលួយ​ណា​មួយ​ដូចមានចែងក្នុងច្បាប់នេះម្ចាស់​ទ្រព្យសម្បតិ្តត្រូវទទួលទោសដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់នេះ។
មាត្រា៣៧ – បទទទួលផលបន្តពីបទល្មើសពុករលួយ
អំពើទទួលផលបន្តពីបទល្មើស​​គឺជាអំពើលាក់បំបាំងរក្សាទុក​ឬជញ្ជូនរបស់អ្វីមួយដោយមិន​ដឹង​ថា​ របស់នោះបានមកពីបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះ។ ត្រូវចាត់ទុកជាអំពើ​ទទួលផលបន្តពីបទល្មើសពុករលួយផងដែរចំពោះ។​
១ – អំពើធ្វើអន្តរការី ដើម្បីបញ្ជូនរបស់អ្វីមួយដោយដឹងថា របស់នោះបានមកពីបទល្មើស​ពុករលួយ។​
២ – អំពើដែលបានទទួលប្រយោជន៍ពីផលបន្តបទល្មើសពុករលួយដោយបានដឹងហេតុផល​ការណ៍ច្បាស់។
អំពើទទួលផលបន្តបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី​ ២​ (ពីរ) ឆ្នាំ ទៅ ៥​(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ 000​ 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។​
អំពើទទួលផលបន្តពីបទល្មើសពុករលួយត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ៥​ (ប្រាំ) ឆ្នាំ ទៅ ១០​ (​ដប់) ឆ្នាំ កាលបើបទល្មើសនេះស្រួលត្រូវបានប្រព្រឹត្តឡើងៈ
១ – ជាទម្លាប់​ ។​
២ – ដោយប្រើប្រាស់ភាពងាយស្រួលដែលទទួលបានពីសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។​
៣ – ជាក្រុមមានការចាត់តាំង​។
មាត្រា ៣៨ – បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល
ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យ​សម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវ​ប្រកាសទ្រព្យសម្បត្តិ និងបំណុល)​ មាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ​ និងបំណុល)​ និងមាត្រ ១៩ (ជនផ្សេងទៀត​ដែល​ត្រូវ​ប្រកាសទ្រព្យសម្បត្តិ និងបំណុល)នៃច្បាប់នេះ ត្រូវផ្តន្ទាសទោសដាក់​ពន្ឋគារពី​ ១​ (មួយ) ខែ​ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ២ 000 000 (ពីរលាន) រៀល​ ហើយត្រូវបានបង្ខំឲ្យធ្វើការប្រកាសទ្រព្យសសម្បត្តិ ជូនអង្គភាពប្រឆាំង​អំពើ​ពុករលួយ។​ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតត្រូវផ្តន្តាសទោសទ្វេដង។
ដោយឡែកចំពោះថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មានភារកិច្ចរំលឹកជាលាយលក្ខណ៍អក្សរដល់ថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលមុននឹងអនុវត្តមាត្រនេះ។
មាត្រា ៣៩ – បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ
ជនណាដែលធ្វើឲ្យធ្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ ត្រូវផ្តន្ទាសទោស​ដាក់ពន្ឋគារពី ១(មួយ) ឆ្នាំ ទៅ ៥​ (ប្រាំ) ឆ្នាំ ។
ការរក្សាការសម្ងាត់ដាច់ខាត​ មិនអាចជាឧបសគ្គដល់ការប្រើសិទ្ឋិនៃការការពារខ្លួនឡើយ។
មាត្រា ៤០ – បទរារាំង និងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុល​រលួយ
អ្នករាជការសាធារណៈ យោជិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈ​តាម​ការបោះឆ្នោត មន្រ្តីស៊ីវិល មន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្រ្តីអង្គភាព​ប្រឆាំង​អំពើពុករលួយ
ត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី​ ២​ (ពីរ) ឆ្នាំ​ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥ 000 000 (បួនលាន) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤១ – បទប្តឹងបរិហាដោយភូតកុហក
អំពើប្តឹងបរិហាដោយភូតកុហកដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការនូវអង្គហេតុ​បទល្មើសពុករលួយ កាលបើអំពើនេះនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ត្រូវផ្តន្ទាសទោស​ដាក់ពន្ឋគារពី​ ១​ (មួយ) ខែ​ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១00 000 (មួយសែន) រៀល ទៅ ១ 000 000 (មួយលាន) រៀល។
មាត្រា ៤២ – បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក
បុគ្គលណាដែលគ្មានសិទ្ឋិធ្វើការផេ្ទរអនុប្បទាន ឬធ្វើការដោះដូរនូវទ្រព្យសម្បត្តិដែលជា​កម្មវត្ថុនៃការចាប់យកដោយរំលោភលើបទប្បញ្ញត្តិនៃមាត្រា ៣០ (ការចាប់យក)នៃច្បាប់នេះ​ត្រូវ​ផ្តន្ទាស​ទោសដាក់ពន្ឋគារពី​ ១​ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ 000 000 (ពីរ) រៀល ទៅ ១0 000 000 (ដប់លាន) រៀល។
មាត្រា ៤៣ – បទល្មើសពុករលួយតូចតាន និងទោស
ត្រូវផ្តន្ទាស​ទោសដាក់ពន្ឋគារពី​ ៧​ (ប្រាំពីរថៃ្ង) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ជនណាដែលប្រព្រឹត្តបទ​ល្មើសដែលបញ្ញត្តិនៅក្នុងច្បាប់នេះ ហើយបានបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោមៈ
– បទល្មើសប្រព្រឹត្តឡើងសម្រាប់ជីវភាពប្រចាំថ្ឡៃ
– បទល្មើសប្រព្រឹត្តឡើងមានលក្ខណៈតូចតាច
– បទល្មើសដែលមិនបង្កព្យសនកម្មធ្ឡន់ធ្ឡរដល់សង្គមជាតិ
– មានការវាយតម្លៃទទួលស្គាល់ពីអង្គភាពប្រឆាំងអំពើពុករលួយថាជាបទល្មើសពុករ​លួយ​តូចតាច។
មាត្រា៤៤ – ការប៉ុនប៉ង
ការប៉ុនប៉ប្រព្រឹត្តបទបជ្ឈឹមដូចមានចែងនៅក្នុងមាត្រា២៧៨ (បទល្មើសសំណូកនៃ​និយោជិក) មាត្រា២៧៩​​​​​​ (​​បទ​សូកបាន់ដល់នៃនិយោកជិក) មាត្រា៣៨៧ (បទដេញថ្លៃមិនត្រឹម​ត្រូវ) មាត្រា៤០៤ (និយមន័យនៃការសម្អាត់​ប្រាក់) មាត្រា៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា៤០៦ (ស្ថានទម្ឡន់ទោស) មាត្រា៥៩២ (និយាយន័យនៃវីតិក្រម) មាត្រា៥៩៣ (ទោសដែល​ត្រូវអនុវន្ត) មាត្រា៥៩៧ (និយមន័យនៃការកេងយកផល​ប្រយោជន៍​ដោយ​ខុសច្បាប់) មាត្រា៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិត​បញ្ជាក់មិនពិត) មាត្រា៦៤០ (បទសូកប៉ាន់​ចំពោះសមាជិក​នៃគណៈវិជ្ជាជីវៈរំលោភអំណាច) និងមាត្រា៤០ (បទរារាំងនិងការជ្រៀតជ្រែកដល់ការងាររបស់អង្គ​ភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទបជ្ឈឹមបានសម្រេចដែរ។
មាត្រា៤៥ – ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ
ចំពោះបទល្មើសពុករលួយដូចមានចែងនៅក្នុងច្បាប់នេះទោសបន្ថែមមួយឬច្រើនចដូចខាងក្រោមអាចត្រូវ​បានប្រកាសពីៈ
១ – ការដកសិទ្ធិពលរដ្ឋខ្លះជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ
២ – ការហាមឃាត់ចំពោះការប្រកបមុខរបរជាស្ថាពរឬសម្រាប់រៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំការបើ​បទល្មើសនេះបានប្រព្រឹត្តក្នុងការប្រកបមុខរបរឬក្នុងឱកាសនៃការប្រកបមុខ​របរនេះ។
៣ – ការហាមឃាត់នូវការស្នាក់អាស្រ័យនៅសម្រាប់រយៈពេលមិនលើសពី១០ (ដប់) ឆ្នាំចំពោះបទ​ល្មើសឧក្រិដ្ឋនិងសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំចំពោះបទ​ល្មើសមជ្ឈឹម។
៤ – ការហាមឃាតទណ្ឌិតបរទេសនូវការចូលមកនិងស្នាក់អាស្រ័យនៅក្នុងទឹកដី​នៃព្រះរាជា​ណាចក្រកម្ពុជាជាស្ថាពរសម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស។
៥ – ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែល​មាន​គោល​ដៅប្រព្រឹត្តបទល្មើស។
៦ – ការរឹបអូសវត្ថុឬមូលនិធិដែលជាទីដៅនៃបទល្មើស។
៧ – ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតជាពីបទល្មើស។
៨ – ការរឹបអូសនូវឧបភោគភណ្ឌសម្ភារៈនិងគ្រឿងសង្ហារិមតែងលំអទីតាំងដែល​ក្នុងទីតាំង​នោះបទ​ល្មើសត្រូវបានប្រព្រឹត្ត។
៩ – ការរឹបអូសនូវយានយន្តរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង។
១០ – ការហាមឃាត់ចំពោះការកាន់កាប់ឬយកតាមខ្លួននូវអាវុធជាតិផ្ទុះជាស្ថាពរឬសម្រាប់​រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១១ – ការបិទគ្រឹះស្ថានដែលត្រូវបានប្រើប្រាស់សម្រាប់ត្រៀមរៀបចំបទល្មើសឬប្រព្រឹត្ត​បទល្មើសជា​ស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១២ – ការហាមឃាតការធ្វើអជីវកម្មលើគ្រឹះស្ថានដែលបើកជាសាធារណៈឬដែល​ប្រើប្រាស់​ដោយសា​ធារណជនជាស្ថាពរឬសម្រាប់រយៈពេលមិនលើសពី៥ (ប្រាំ) ឆ្នាំ។
១៣ – ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ។
១៤ – ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេលមិនលើសពី២ (ពីរ) ឆ្នាំ។
១៥ – ការចេញផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ។
១៦ – ការចាក់ផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយគមនាគមន៍​សោត​ទស្សន៍​សម្រាប់រយៈពេលមិនលើសពី៨ (ប្រាំបី) ថ្ឡៃ។
មាត្រា ៤៦ – ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល
នីតិបុគ្គលដែលបានប្រព្រឹត្តបទល្មើសពុករលួយដែលមានចែងក្នុងមាត្រា ៣៧ (បទទទួល​ផល​បន្តពីបទល្មើសពុករលួយ) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ១០០.០០០.០០០ (មួយរយលាន) រៀល និងត្រូវទទួលទោសបន្ថែមមួយ ឬច្រើនដូចខាង ក្រោមនេះ៖
១ – ការរំលាយចោល។
២ – ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ។
៣ – ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬច្រើន។
៤ – ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ។
៥ – ការហាមឃាត់ចំពោះការអំពាវនាវសាធារណៈដល់ការសន្សំសំចៃ។
៦ – ការហាមឃាត់ចំពោះការចេញមូលប្បទានបត្រក្រៅពីមូលប្បទានបត្រ​ដែល​បញ្ជាក់ដោយធនាគារណាមួយ។
៧ – ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់។
៨ – ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស។
៩ – ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណ​ជន​ ឬដែលបានប្រើប្រាស់ដោយសាធារណជន។
១០ – ការរឹបអូសឧបករណ៍សម្ភារៈ ឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស ឬ​ដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។
១១ – ការរឹបអូសនូវវត្ថុ ឬមូលនិធិដែលជាទីនៃបទល្មើស។
១២ – ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
១៣ – ការរឹបអូសនូវឧបភោគភណ្ឌ សម្ភារៈ និងចលនាវត្ថុនៅក្នុងទីកន្លែងដែលបទ​ល្មើស​​បានប្រព្រឹត្ត។
១៤ – ការបិទផ្សាយនៃសេចក្តីសម្រេចផ្តន្ទាទោស។
១៥ – ការចេញផ្សាយនូវសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ឬផ្សាយតាម​មធ្យោបាយគមនាគមន៍សោតទស្សន៍។
មាត្រា ៤៧​ – ការផ្សាយចេញនូវកំណត់ត្រារបស់ធនាគារ
គ្រឹះស្ថានឥណទាន ឬស្ថាប័នហរិញ្ញវត្ថុរួចផុតពីការទទួលខុសត្រូវទាំងអស់ ហើយគ្មាន​បណ្តឹង​​ព្រហ្មទណ្ឌណាមួយត្រូវបានធ្វើប្រឆាំងនឹងអ្នកដឹកនាំ ឬអាណត្តិនៃគ្រឹះស្ថាន ឬស្ថាប័ននោះ​ឡើយ ប្រសិនបើប្រតិបត្តិការនោះត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់លើកលែងតែក្នុងករណី ​ដែលរក​ឃើញថាមានការព្រមព្រៀងគ្នាជាមុន ដើម្បីរៀបចំបន្លំជាមួយម្ចាស់ប្រាក់ ឬអ្នកធ្វើ​ប្រតិបត្តិការ។
មាត្រា ៤៨​ – សេចក្តីសម្រេចរឹបអូស
នៅពេលដែលបុគ្គលណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើសពុករលួយ តុលាការត្រូវសម្រេច​រឹបអូសផលនៃអំពើពុករលួយទាំងអស់ដែលរួមមាន ទ្រព្យសម្បត្តិ សម្ភារៈ និង​ឧបករណ៍ទាំងអស់ដែល ជាកម្មវត្ថុនៃអំពើពុករលួយជាសម្បត្តិរដ្ឋ។
ប្រសិនបើផលនៃអំពើពុករលួយខាងលើត្រូវបានបំប្លែងទៅជាទ្រព្យសម្បត្តិផ្សេងពីសភាព ​ដើម ទ្រព្យសម្បត្តិ​ដែលត្រូវបានបំប្លែង​នេះក៏ត្រូវក្លាយ​ជាកម្មវត្ថុ​នៃ​ការ​រឹប ​អូស​ដល់​ទី​កន្លែង​ដែល​ទ្រព្យ​សម្បត្តិ​នេះ​ក៏ត្រូវ​រឹបអូស​ផង​ដែរ។
ប្រសិនបើផលនៃអំពើពុករលួយនេះបង្កើតឲ្យមាន​ជា​ចំណូល​ ឬ​ផលដទៃផ្សេង​ទៀតចំណូល និង​ផលទាំងនេះក៏ត្រូវរឹបអូសផងដែរ។
ប្រសិនបើ​ផល​ទាំង​នោះ​រលាយ​បាត់​ ឬ​បាត់តម្លៃ​តុលាការអាច​បញ្ជាឲ្យទូទាត់តម្លៃដើមផង​ទាំង​នោះ។
មាត្រា ៤៩ – ការទាមទារឲ្យបញ្ជូននូវផលនៃបទល្មើសពុកលួយ
នៅក្នុង ​ករណី​ដែល​រក​ឃើញ​ថា​ទ្រព្យសម្បត្តិ​ និង​ផល​នៃ​អំពើ​ពុករលួយត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​​រដ្ឋ​បរទេស​ អាជ្ញធរ​មានសមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវ​ចាត់​វិធានការ​ ដើម្បី​ទាមទារ​យក​ទ្រព្យ​សម្បត្តិ និង​ផល​ទាំង​នោះ​មក​កម្ពុជា​ក៏ត្រូវ​ធ្វើ​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ប្រទេស​ ដទៃ​ដែល​លើក​សំណើ​សុំ​​បញ្ជូន​ទៅ​វិញ​នូវ​ផល​នៃ​បទ​ល្មើស​ពុក​រលួយ ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រទេស​កម្ពុជា​។

ជំពូកទី ៧ បត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក

មាត្រា ៥០​ – បទប្បញ្ញត្តិដែលត្រូវអនុវត្តក្នុងរឿងបត្យាប័ន
បទប្បញ្ញត្តិ​នៃ​ជំពូកទី២ មាតិកាទី១ គន្ថីទី៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ត្រូវ​យក​មក​អនុវត្ត​ក្នុង​រឿង​បត្យាប័ន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ។
មាត្រា ៥១ – ជំនួយផ្នែកច្បាប់ទៅវិញទៅមក
ក្នុង​ករណី​បទ​ល្មើស​ពុករលួយ អាជ្ញាធរ​តុលាការ​នៃ​ព្រះរាជណាចក្រកម្ពុជា​អាច​ប្រគល់​អំណាច​ឲ្យ​ទៅ​អាជ្ញាធរ​តុលាការ​មាន​សមត្ថកិច្ច​នៃ​រដ្ឋ​បរទេស​ណា​មួយ និង​អាច​ទទួល​អំណាច​ពីអាជ្ញាធរ​តុលាការ​នៃ​រដ្ឋ​បរទេស​ណា​មួយ​ដែរ​ដើម្បីៈ
១ -​ ប្រមូល​យក​សក្ខីភាព ឬ​យក​ចម្លើយ​ដែល​ឆ្លើយ​តាម​ផ្លូវ​តុលាការ។
២ – ឲ្យ​ដំណឹង​ពី​លិខិត​ផ្សេងៗ​របស់​តុលាការ។
៣ – ធ្វើការ​ឆែកឆេរ ឃាត់ទុក និង​ដក​ហូត។
៤ -​ ធ្វើការ​ពិនិត្យ​វត្ថុ និង​ទីកន្លែង។
៥ – ផ្តល់​ព័ត៌មាន និង​វត្ថុតាង។
៦ – ផ្តល់​ឯកសារ​កំណត់​ហេតុ​ជា​ច្បាប់​ដើម ឬ​សេចក្តី​ចម្លង​ដោយ​មាន​បញ្ជាក់​ថា​ត្រឹមត្រូវ​តាម ច្បាប់​ដើម​នៃ​ឯកសារ និង​សំណុំ​រឿង រាប់​ទាំង​សេចក្តី​ស្រង់​បញ្ជី​ប្រាក់​ពី​ធនាគារ ឯកសារ​គណនេយ្យ សំណុំ​រឿង​របស់​ក្រុមហ៊ុន និង​ឯកសារ​ពាណិជ្ជកម្ម​ព្រមទាំង​លិខិត​យថាភូត ឬ​លិខិត​ឯកជន។
៧ – បង្ហាញ​ ឬ​ផ្តល់​សាក្សី​អ្នក​ជំនាញ ឬ​ជន​ដទៃ​ទៀត​រាប់​ទាំង​ជន​ជាប់​ឃុំ​ខ្លួន​ផង​ដែល​យល់ព្រមជួយ​ក្នុង​ការ​ស៊ើប​អង្កេត​ ឬ​យល់ព្រម​ចូលរួម​ក្នុង​នីតិវិធី។
៨ – កំណត់អត្តសញ្ញាណ ឬ​ស្រាវជ្រាវ​រក​ធនធាន​ទ្រព្យសម្បត្តិ បរិក្ខារ និងសម្ភារៈទាំងឡាយ​ដែល​បាន​មក​ពី​ការប្រព្រឹត្ត​បទ​ល្មើស​ និង​មធ្យោបាយ​បទ​ល្មើស។
៩ – ដាក់​ក្រោម​វិធាន​ការ​រក្សាទុក​ជា​បណ្តោះ​អាសន្ន​នូវ​ផលិតផល និង​ទ្រព្យសម្បត្តិ​ដែល​បាន មក​ពី​បទ​ល្មើស​ពុករលួយ​ព្រមទាំង​បរិក្ខារ សម្ភារៈ​ដែល​បាន​ប្រើប្រាស់ ឬ​ទុក​សម្រាប់​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ពុករលួយ។
១០ – ចាត់​ឲ្យ​អនុវត្ត​សេចក្តី​សម្រេច​ដែល​បញ្ជារ​ឲ្យ​ធ្វើការ​រឹបអូស​ដក​ហូត ឬ​យក​វិញ​នូវ​ផលិតផល​ទ្រព្យសម្បត្តិ បរិក្ខារ សម្ភារៈទាំងឡាយ​ដែល​បាន​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។
១១ -​ បញ្ជារ​ឲ្យ​ធ្វើការ​រឹបអូស​វត្ថុ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​ចំណុច​ខាង​លើ។
១២ – ឲ្យ​ដំណឹង​អំពី​ការ​ចោទ​ប្រកាន់​តាម​នីតិវិធី​ព្រហ្មទណ្ឌ។
១៣ – សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​តាម​នីតិវិធី​ព្រហ្មទណ្ឌ។
១៤ – រក​ឲ្យ​ឃើញ និង​កំណត់​អត្តសញ្ញាណ​សាក្សី និង​ជនសង្ស័យ។
មាត្រា ៥២ – ករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសមួយ
ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ពាក់ពន្ធ​មាន​កាតព្វកិច្ច​ស្វះស្វែង​រក​កិច្ច​សហប្រត្តិការ​អន្តរជាតិ និង​ជំនួយ​ផែ្នក​ច្បាប់​ទៅ​វិញ​ទៅ​មក​អំពី​ស្ថានភាព​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ។
មាត្រា ៥៣ – នីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក
នីតិវិធី​នៃ​ការ​អនុវត្តន៍​ជំនួយ​ផ្នែក​ច្បាប់​ទៅវិញ​ទៅមក ត្រូវ​អនុវត្ត​តាម​គោលការណ៍​ទាំង​ឡាយឡាយ​ដែល​បាន​កំណត់​ក្នុង​សន្ធិញ្ញា ឬ​កិច្ច​ព្រមព្រៀង​ទ្វេភាគី និង​ពហុភាគី និង​ច្បាប់​ជាតិ​ជា​ធរមាន។

ជំពូកទី ៨ អន្តរប្បញ្ញត្តិ

មាត្រា ៥៥ – ការរៀបចំ​ដំណើរការ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ រាជ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង អំពើ​ពុករលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៦ (ប្រាំមួយ) ខែ យ៉ាងយូរ។
អង្គភាព​ដើម​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ភារកិច្ច​ប្រឆាំង​អំពើ​ពុករលួយ​តាមច្បាប់​ជា​ធរមាន និង​ផ្សព្វផ្សាយ​ច្បាប់​នេះ​រហូតដល់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រួវ​បាន​រៀបចំ​ហើយ ទើប​អង្គភាព​ដើម​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ត្រូវ​រំលាយ។

ជំពូកទី ៩ អវសានប្បញ្ញត្តិ

មាត្រា ៥៦ – និរាកណ៍
បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ច្បាប់​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។
មាត្រា ៥៧ – ការប្រកាសឲ្យប្រើប្រាស់
ច្បាប់​នេះ ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។
មាត្រា ៥៨ – ការអនុវត្តច្បាប់
បន្ទាប់ពី​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​នេះ បទប្បញ្ញត្តិ​ដែល​មាន​ចែង​នៅក្នុង​ជំពូកទី៦ នៃ​ច្បាប់​នេះ ​ត្រូវ​យក​មក​អនុវត្ត​ភ្លាម។
បទប្បញ្ញត្តិ​ដែល​មាន​ចែង​នៅក្នុង​ជំពូកទី៦ នៃ​ច្បាប់​នេះ មាន​អនុភាព​អនុវត្ត​ក្នុង​រយៈពេល​១២ (ដប់ពីរ) ខែ ក្រោយ​ពេល​ដែល​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង។

ព័ត៌មានថ្មីៗ